អំឡុងព្រឹត្តិការណ៍ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តបាត់ដំបង ទទួលភ្ញៀវទេសចរចូលលេងកម្សាន្តតាមគោលដៅលំហែនានាមានចំនួនជាង ៩៣ម៉ឺននាក់។

លោក អ៊ុច អ៊ុំភីនីសារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷ អំឡុងថ្ងៃសង្ក្រាន្តរយ:ពេល ៣ ចាប់ថ្ងៃទី ១៤ និងថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ អន្តរជាតិបានចូលមកលេងនៅតាមគោលដៅលំហែនានា និងនៅក្នុងទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មី មានចំនួន ៩៣៤,១៨៩នាក់។

ក្នុងចំណោមភ្ញៀវទេសចរសរុបទាំង
៩៣៤,១៨៩នាក់ខាងលើ ភ្ញៀវទេសចរជាតិចំនួន ៩៣២,៥៩៣ នាក់ ភ្ញៀវទេសចរអន្តរជាតិ ១,៥៩៦ នាក់ ដោយឡែកភ្ញៀវទេសចរបានចូលរួមលេងសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តមានចំនួន ៣១២,០០១នាក់។

មន្ត្រីជំនាញមន្ទីរទេសចរណ៍ខេត្តដដែលបានបន្តថា÷ ទូរលេខភ្ញៀវទេសចរខាងលើបានធ្វើដំណើរពីតំបន់ផ្សេងៗចូលក្នុងខេត្តបាត់ដំបងនាឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៦នេះបានថយចុះមួយភាគដោយសារអាកាសធាតុក្តៅ តម្លៃប្រេងឥន្ធនះឡើងថ្លៃ និងការបិទមិនមានលេងបាញ់ទឹក។

រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្តបាត់ដំបងមាន: រមណីយដ្ឋាន ប្រាសាទបាណន់, រមណីយដ្ឋាន ភ្នំសំពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ, រមណីយដ្ឋានអាងកំពីងពួយ, រមណីយដ្ឋានស្ទឹងថ្មដាចំការធុរេន, រមណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក, រមណីយដ្ឋាននគរជុំ ភ្នំព្រឹក, រមណីយដ្ឋានភ្នំកំពូល, រមណីយដ្ឋានចំការធុរេនអូរតង, រមណីយដ្ឋានវាលចម្បាំង ខេមសាយ, សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ, សហគមន៍អេកូទេសចរណ៍ព្រែកទាល់ជាដើម…៕

អត្ថបទ: ដំបងក្រញូង

Share.