ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសលទ្ធផលនៃការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៦» ដោយក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខេត្តទាំងមូលទទួលបានភ្ញៀវទេសចរណ៍សរុបប្រមាណ ២,៣២៣,០៩៦នាក់។


តាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ខេត្តព្រៃវែងបានរៀបចំទីតាំងលេងកម្សាន្តសរុបចំនួន ៤៣២កន្លែង នៅតាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ។ ក្នុងនោះ ថ្ងៃទី១៤ ខែមេសា ទទួលបានភ្ញៀវប្រមាណ ៥៨០,៦០៨នាក់។ ថ្ងៃទី១៥ ខែមេសា ទទួលបានភ្ញៀវប្រមាណ ៧៦៨,៧៤៤នាក់។
ថ្ងៃទី១៦ ខែមេសា ទទួលបានភ្ញៀវប្រមាណ ៩៧៣,៧៤៤នាក់។

ដោយឡែក នៅទីរួមខេត្តព្រៃវែង មានការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៦» ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ។ កម្មវិធីសំខាន់ៗរួមមាន ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ការលេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រី ការប្រដាល់គុនខ្មែរ ការបង្ហោះគោម និងសកម្មភាពកម្សាន្តបែបប្រពៃណីជាច្រើនទៀត។

រដ្ឋបាលខេត្តព្រៃវែង ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលបានចូលរួមយ៉ាងច្រើនកុះករ និងសហការល្អជាមួយអាជ្ញាធរ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឲ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយជោគជ័យ៕

Share.