ព្រឹត្តិការណ៍បាញ់ទឹកប៉ាតម្សៅ ក្នុងពិធីបុណ្យចូលឆ្នាំនៅថៃ កំពុងតែប្រែក្លាយទៅជា «សមរភូមិអនាធិបតេយ្យ» បន្ទាប់ពីមានករណីហិង្សាជាបន្តបន្ទាប់បង្កឡើងដោយភ្ញៀវទេសចរណ៍បរទេស ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពធូររលុងនៃប្រព័ន្ធសន្តិសុខ និងការធ្លាក់ចុះនៃគុណភាពទេសចរណ៍យ៉ាងធ្ងន់ធ្ងរ។

ជាក់ស្ដែងកាលពីថ្ងៃទី១៧ ខែមេសា ម្សិលម៉ិញ វីដេអូមួយត្រូវបានគេចែកចាយពេញបណ្តាញសង្គម បង្ហាញពីសកម្មភាពក្រុមបុរសបរទេស ៣នាក់ (ត្រូវបានគេស្គាល់ថាជាជនជាតិមកពីតំបន់មជ្ឈិមបូព៌ា) បានព្រួតគ្នាវាយដំទៅលើបុរសវ័យចំណាស់ជនជាតិអឺរ៉ុបម្នាក់ អាយុចន្លោះពី ៥០ ទៅ ៦០ឆ្នាំ នៅលើវិថី Walking Street ដ៏ល្បីល្បាញក្នុងក្រុងប៉ាតាយ៉ា។

សកម្មភាពអាងគ្នាព្រួតវាយនេះ បានកើតឡើងយ៉ាងអនាធិបតេយ្យបំផុត ដោយក្រុមបង្កហេតុបានដាល់ និងធាក់ជនរងគ្រោះរហូតដល់ដួលទៅនឹងដី គ្រាន់តែដោយសារជម្លោះបន្តិចបន្តួចរឿងបាញ់ទឹកប៉ុណ្ណោះ។ អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះគឺមិនឃើញមានកម្លាំងសមត្ថកិច្ចមកអន្ដរាគមន៍ នៅក្នុងតំបន់ទេសចរណ៍ដ៏មមាញឹកបែបនេះ រហូតទាល់តែមានអ្នកដំណើរឆ្លងកាត់ចូលទៅជួយអន្តរាគមន៍ដោយខ្លួនឯងទៅវិញ។

ឆ្លើយតបនឹងរឿងនេះ ប៉ុស្តិ៍នគរបាលក្រុងប៉ាតាយ៉ា បានត្រឹមតែឆ្លើយយ៉ាងខ្លីថា មិនទាន់មានភាគីណាមកដាក់ពាក្យបណ្តឹង។ នេះគឺជាចម្លើយដ៏គួរឱ្យអស់សំណើច និងអសីលធម៌បំផុតសម្រាប់ប្រទេសដែលអះអាងថា ខ្លួនជាមហាអំណាចទេសចរណ៍។ តើច្បាប់ស្រុកថៃត្រូវរង់ចាំពាក្យបណ្តឹង ទើបអាចចាត់វិធានការលើជនបង្កហិង្សាដែលវាយមនុស្សកណ្តាលវាលបែបនេះឬ? ភាពទន់ជ្រាយនៃយន្តការច្បាប់បែបនេះហើយ ដែលធ្វើឱ្យភ្ញៀវទេសចរណ៍អន់ៗមួយចំនួន មិនខ្លាចញញើតនឹងការបង្កបញ្ហានៅលើទឹកដីថៃ។

យ៉ាងណាម៉ិញ អំឡុងពេលបុណ្យចូលឆ្នាំព ៣ថ្ងៃនេះ នេះមិនមែនករណីទី១ទេ ដោយកាលពីថ្ងៃទី១៣ ខែមេសា មានជនជាតិបារាំង ២នាក់ វាយដំលើអ្នករត់ម៉ូតូឌុបជនជាតិថៃម្នាក់ គ្រាន់តែដោយសារគេមិនចង់លេងទឹកជាមួយនៅភូកេត។ ខណៈកាលពីថ្ងៃទី១៤ ខែមេសា នៅភូកេតដដែល មានក្រុមទេសចរណ៍បរទេស ៧នាក់ បានឡោមព័ទ្ធ និងបង្ខំបើកទ្វាររថយន្តវ៉ែន ដើម្បីបាញ់ទឹកដាក់អ្នកដំណើរខាងក្នុង ទោះបីមានការអង្វរករក៏ដោយ។

បែរទៅមើលរដ្ឋាភិបាលថៃឯណោះវិញ ហាក់ដូចជាកំពុងសប្បាយចិត្តតែនឹង«ចំនួនភ្ញៀវទេសចរណ៍» តែមួយមុខដើម្បីអួតគេប៉ុណ្ណោះ ហើយបែរជាមើលរំលងពីគុណភាព និងសុវត្ថិភាពទៅវិញ។ ដោយការបណ្ដោយឱ្យភ្ញៀវទេសចរណ៍ប្រើអំពើហិង្សា យាយីអ្នកដទៃ និងបំពានច្បាប់ដោយគ្មានទោសទណ្ឌធ្ងន់ធ្ងរ គឺជាការសម្លាប់វិស័យទេសចរណ៍ខ្លួនឯងបន្តិចម្តងៗ៕

ប្រភព៖ The Thaiger

Share.