សៀមរាប៖ ករណីបាត់ខ្លួនក្មេងប្រុសអាយុ ៥ឆ្នាំ នៅភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចបំភ្លឺថា មិនមែនជាករណីបាត់ខ្លួនធម្មតានោះទេ ប៉ុន្តែជាករណីឃាតកម្ម ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងមូលដ្ឋាន។

ក្រោយទទួលពាក្យបណ្តឹង កម្លាំងនគរបាលជំនាញបានបើកការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន គឺបុរសអាយុ ២៨ឆ្នាំ មុខរបរស៊ីឈ្នួលបើករថយន្តស្ទួច ដែលជាអតីតសាច់ញាតិខាងគ្រួសារជនរងគ្រោះ។

តាមការសារភាព ជនសង្ស័យបាននាំកុមារទៅតំបន់ស្ងាត់ ហើយសម្លាប់ មុនយកសពទៅលាក់ទុកក្នុងប្រឡាយមួយ ស្ថិតក្នុងភូមិច្រេស។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដំបូង កើតចេញពីគំនុំផ្ទាល់ខ្លួន ពាក់ព័ន្ធជម្លោះគ្រួសារ។ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមានម៉ូតូ និងទូរស័ព្ទដៃ ខណៈជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមច្បាប់។ករណីនេះ បានបង្កការសោកស្តាយយ៉ាងខ្លាំង និងជាការរំលឹកអំពីផលវិបាកធ្ងន់ធ្ងរនៃការដោះស្រាយគំនុំដោយអំពើហិង្សា៕

អត្ថបទ÷កណ្តាល

Share.