ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៨នាក់ ជាជនជាតិចិន និងជប៉ុន ដាក់ពន្ធនាគារ PJ ជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង តាមប្រព័ន្ធ Online Scam។ការសម្រេចនេះធ្វើឡើងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដោយចៅក្រមស៊ើបសួរ បន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ និងបង្ក្រាបករណីនេះ។




ជនត្រូវចោទទាំង ៨នាក់ រួមមានជនជាតិចិន ៣នាក់ និងជនជាតិជប៉ុន ៥នាក់ ដែលត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ «ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង»។
សមត្ថកិច្ចបញ្ជាក់ថា សកម្មភាពឆបោកនេះ បានប្រព្រឹត្តនៅអគារខុនដូ ភ្នំពេញកាឡាក់ស៊ីហ្គាដេន ជាន់ទី១៣ បន្ទប់លេខ ១៣១៦ និង១៣១៨ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។


បច្ចុប្បន្ន ជនត្រូវចោទទាំងអស់ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមច្បាប់៕








អត្ថបទ÷ចតុម្មុខ
