ភ្នំពេញ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងចំនួន៦នាក់ ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនា វាយ និងគប់រថយន្តមួយគ្រឿងម៉ាក Avatr 07 ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ បណ្តាលឱ្យរងការខូចខាត ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ជាមួយម៉ូតូមួយគ្រឿង នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។




ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ុន សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ។




ហេតុការណ៍នេះបានកើតឡើងនៅចំណុចហាងម៉ាស្សា ម៉ាយូរ៉ា ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោងប្រមាណ ៧ និង៣៧នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។
ជនសង្ស័យទាំង៦នាក់ មានអាយុចន្លោះពី១៧ឆ្នាំ ដល់១៨ឆ្នាំ ខណៈវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមានដុំថ្ម៤ដុំ និងផ្លាកលេខរថយន្ត១បន្ទះ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់កំពុងត្រូវបានសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្វែងរកបក្ខពួកពាក់ព័ន្ធផ្សេងទៀត។
អត្ថបទ÷កណ្តាល
