ទីក្រុងប៉េកាំង៖ តាមរយៈក្រសួងការពារជាតិចិនបានចេញសេចក្តីថ្លែងការណ៍ព្រមានធ្ងន់ៗទៅកាន់ទីក្រុងតូក្យូ ដោយបង្គាប់ឱ្យជប៉ុនបោះបង់ចោលនូវ «មនោគមវិជ្ជាយោធានិយម» និងកែប្រែឥរិយាបថយោធាបែបវាយលុក ប្រសិនបើមិនចង់បាត់បង់ទំនុកចិត្ត និងរងសម្ពាធឯកោពីសហគមន៍អន្តរជាតិ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៨ ខែមេសា លោក Zhang Xiaogang ( ចាង ស៊ាវកាង ) អ្នកនាំពាក្យក្រសួងការពារជាតិចិន បានលើកឡើងចំៗជុំវិញការហក់ឡើងនៃកញ្ចប់ថវិកាយោធាជប៉ុនឆ្នាំ២០២៦ ដែលបានបង្កើតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន ព្រមទាំងផែនការបើកផ្លូវឱ្យមានការនាំចេញអាវុធមហាប្រល័យទៅកាន់ទីផ្សារក្រៅប្រទេស។
លោក ចាង បានគូសបញ្ជាក់នូវចំណុចគន្លឹះចំនួន ៣ ដែលជាហានិភ័យបង្កឡើងដោយភាគីជប៉ុនរួមមាន៖
១. ការងើបឡើងនៃជ្រុលនិយម
-ក្រុមស្លាបស្តាំនិយមក្នុងប្រទេសជប៉ុន កំពុងព្យាយាមជំរុញគោលនយោបាយការពង្រីកអំណាចយោធាដែលប្រកបដោយគ្រោះថ្នាក់។
២. ការបំពានច្បាប់អន្តរជាតិ
-សកម្មភាពពង្រឹងសព្វាវុធនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាអន្តរជាតិ និងដើរផ្ទុយស្រឡះពី «រដ្ឋធម្មនុញ្ញសន្តិភាព» របស់ជប៉ុនខ្លួនឯង។
៣. ការបំផ្លាញស្ថិរភាព
និន្នាការនេះកំពុងក្លាយជាឧបសគ្គដល់សណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាម និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរួមក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
អ្នកនាំពាក្យរូបនេះបានរំលឹកជាថ្មីថា ប្រវត្តិសាស្ត្រនៃយោធានិយមជប៉ុន គឺជាមេរៀនដ៏ឈឺចាប់សម្រាប់បណ្តាប្រទេសក្នុងតំបន់។ ការដែលជប៉ុនមិនព្រមជម្រះបញ្ជីប្រវត្តិសាស្ត្រឱ្យបានត្រឹមត្រូវ ហើយបែរជាមកពន្លឿនការបង្កើនកម្លាំងយោធានៅពេលនេះ គឺជាការប្រមាថដល់សន្តិភាព និងជាការដុតកម្តៅភាពតានតឹងដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។
ក្រសួងការពារជាតិចិនបានសង្កត់ធ្ងន់ថា ជប៉ុនគួរតែរៀនសូត្រពីកំហុសអតីតកាល និងងាកមកដើរលើផ្លូវអភិវឌ្ឍន៍ដោយសន្តិវិធីវិញ ជាជាងការបង្កើតការប្រឈមមុខដាក់គ្នាផ្នែកយោធាដែលមិនផ្តល់ចំណេញដល់ភាគីណាមួយឡើយ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Xinhua , Khaosod ៕

