ទីក្រុងតេហេរ៉ង់ ៖ ភាពតានតឹងនៅច្រកសមុទ្រអូរមូស (Hormuz) បានផ្ទុះឡើងជាថ្មី បន្ទាប់ពីកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានសម្រេចបិទច្រកផ្លូវទឹកដ៏សំខាន់នេះឡើងវិញ ត្រឹមតែរយៈពេលមិនដល់ ២៤ ម៉ោងផង បន្ទាប់ពីការប្រកាសបើកឱ្យចរាចរណ៍នាវាពាណិជ្ជកម្មឡើងវិញ។ ស្ថានភាពនេះកាន់តែអាក្រក់ទៅៗ នៅពេលដែលមានសេចក្តីរាយការណ៍អំពីការប្រើប្រាស់អាវុធបាញ់ប្រហារទៅលើនាវាដឹកប្រេងមួយគ្រឿង នៅក្បែរឆ្នេរសមុទ្រអូម៉ង់ ដោយគ្មានការជូនដំណឹងជាមុន។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars News របស់អ៊ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍ IRGC បានបញ្ជាក់ថា ស្ថានភាពនៃច្រកសមុទ្រអូរមូស នឹងត្រូវត្រឡប់ទៅរកភាពតានតឹងកម្រិតខ្ពស់បំផុតវិញ ដោយសារតែសហរដ្ឋអាមេរិកនៅតែបន្តយុទ្ធសាស្ត្រ «បិទខ្ទប់» ច្រកកំពង់ផែរបស់អ៊ីរ៉ង់។

អ្នកនាំពាក្យកងកម្លាំង IRGC បានចោទប្រកាន់សហរដ្ឋអាមេរិកចំៗថា ជាចោរសមុទ្រ និងបានហៅការគ្រប់គ្រងផ្លូវទឹករបស់កងទ័ពជើងទឹកអាមេរិកថាជាសកម្មភាពប្លន់តាមសមុទ្រ។ ការសម្រេចចិត្តបិទច្រកសមុទ្រឡើងវិញនេះ ត្រូវបានធ្វើឡើងដើម្បីជាការសងសឹកទៅនឹងការដែលសហរដ្ឋអាមេរិក ដែលបានបដិសេធដកកងនាវាចម្បាំងចេញពីតំបន់យុទ្ធសាស្ត្រ និងនៅតែបន្តរារាំងនាវាដែលចូល-ចេញពីកំពង់ផែរបស់អ៊ីរ៉ង់។

យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍របស់ IRGC បានសង្កត់ធ្ងន់ថា៖ ដរាបណាសហរដ្ឋអាមេរិកនៅតែបន្តបិទផ្លូវនាវាចរណ៍របស់អ៊ីរ៉ង់ នោះច្រកសមុទ្រអូរមូសនឹងត្រូវស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត ហើយគ្មាននាវាណាមួយអាចឆ្លងកាត់ដោយសុវត្ថិភាពនោះឡើយ។

គួររំលឹកថា ច្រកសមុទ្រហ័រមូស គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយសម្រាប់ពិភពលោក ជាពិសេសសម្រាប់ការដឹកជញ្ជូនថាមពលចេញពីតំបន់មជ្ឈិមបូព៌ា។ ការប្រើប្រាស់កម្លាំងបាញ់ប្រហារទាំងគ្មានការព្រមានជាមុននេះ បានបង្កើតឡើងនូវក្ដីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខនាវាចរណ៍អន្តរជាតិ និងអាចធ្វើឱ្យតម្លៃប្រេងសកលមានការប្រែប្រួលយ៉ាងគំហុកក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះបើតាមសារព័ត៌មាន New York Post នៅថ្ងៃនេះ៕

Share.