ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលស្រុកឆ្លូង ខេត្តក្រចេះ ស្រាវជ្រាវចាប់ជនសង្ស័យលួចរថយន្តបានម្នាក់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅចំណុច ភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។

ជនសង្ស័យមានឈ្មោះ មាស សំណាក់ ហៅ ណាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ ។ ចំណែករថយន្តដែលជនសង្ស័យលួចយកម៉ាក ព្រុស ពណ៌ប្រផេះ គ្មានស្លាកលេខ ។
តាមនគរបាលបានឱ្យដឹងថា កាលពីវេលាម៉ោង១និង២៥នាទីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ជនសង្ស័យបានធ្វើសកម្មភាពលួចយករថយន្ត នៅចំណុចមុខផ្ទះលេខ៣២AE0 ផ្លូវលេខ១១០ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្រោយពីទទួលបណ្តឹង នគរបាលជំនាញសហការធ្វើការស្រាវជ្រាវ ទីបំផុតតាមចាប់ខ្លួនបាននៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ រួចនាំមកសាកសួរនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕


