ការផ្ទុះអាវុធដោយគ្មានការព្រមានពីសំណាក់កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ទៅលើនាវាដឹកប្រេងនៅក្បែរឆ្នេរសមុទ្រអូម៉ង់ មិនត្រឹមតែជាការគំរាមកំហែងដល់សន្តិសុខនាវាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបោះអង្កាមចូលក្នុងភ្នក់ក្លើងនៃទីផ្សារថាមពលពិភពលោក។ ព្រឹត្តិការណ៍នេះបានក្លាយជាសញ្ញាអាសន្នដែលជំរុញឱ្យអ្នកសេដ្ឋកិច្ច និងអ្នកវិភាគភូមិសាស្ត្រនយោបាយ ចាប់ផ្តើមព្រួយបារម្ភេយ៉ាងខ្លាំងអំពី «រលកភ្លើងសង្គ្រាមលើកទី ២» នៃវិបត្តិអតិផរណាដែលបណ្តាលមកពីការហក់ឡើងនៃតម្លៃប្រេង។

ច្រកសមុទ្រ Hormus គឺជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់បំផុតក្នុងលោក ដែលផ្ទុកនូវលំហូរប្រេងឆៅប្រមាណ ២០% នៃតម្រូវការសរុបរបស់ពិភពលោកក្នុងមួយថ្ងៃៗ។ នៅពេលដែលអ៊ីរ៉ង់ប្រើប្រាស់អាវុធ និងប្រកាសបិទច្រកទឹកនេះឡើងវិញ វាប្រៀបបាននឹងការច្របាច់កសេដ្ឋកិច្ចសកល។ បើកើតមានការរំខានណាមួយដល់ការចរាចរនាវាដឹកប្រេងនៅតំបន់នេះ អាចនឹងបង្កើតឱ្យមានការភ័យស្លន់ស្លោ នៅក្នុងផ្សារហ៊ុន និងផ្សារដោះដូរទំនិញអន្តរជាតិភ្លាមៗ។ ដូច្នោះហើយសួរថា តើតម្លៃប្រេចអាចហក់ឡើងដល់កម្រិតណា?

ជាការពិតផ្អែកលើស្ថានភាពតានតឹងបច្ចុប្បន្ន អ្នកជំនាញព្យាករណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent អាចនឹងហក់ឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែលក្នុងរយៈពេលដ៏ខ្លីបំផុត ប្រសិនបើភាពទាល់ច្រកនេះមិនត្រូវបានដោះស្រាយតាមផ្លូវការទូត។ ប្រសិនបើសកម្មភាពយោធានៅតែបន្តកើតមាន ឬឈានទៅដល់ការបិទច្រកសមុទ្រទាំងស្រុង តម្លៃប្រេងអាចនឹងហក់ឡើងដល់ចន្លោះ ១២០ ទៅ ១៥០ ដុល្លារ ដែលជាកម្រិតគ្រោះថ្នាក់បំផុតសម្រាប់សេដ្ឋកិច្ចនៃបណ្តាប្រទេសដែលកំពុងអភិវឌ្ឍន៍ រួមទាំងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ អីចឹងហើយ តើនឹងមានក្ដីកង្វល់អ្វីខ្លះជុំវិញផលប៉ះពាល់ខ្សែចង្វាក់ផ្គត់ផ្គង់នេះ?

មែនទែនទៅមិនត្រឹមតែតម្លៃប្រេងសាំងនៅតាមស្ថានីយប៉ុណ្ណោះទេ ដែលនឹងត្រូវឡើងថ្លៃ ប៉ុន្តែតម្លៃដឹកជញ្ជូនទំនិញតាមសមុទ្រក៏នឹងហក់ឡើងខ្ពស់ដែរ ដោយសារការកើនឡើងនៃបុព្វលាភធានារ៉ាប់រង សម្រាប់នាវាដែលត្រូវឆ្លងកាត់តំបន់គ្រោះថ្នាក់។ ទាំងនេះនឹងបង្កើតជា ផលប៉ះពាល់នៃឥទ្ធិពលដូមីណូ ដែលធ្វើឱ្យតម្លៃទំនិញប្រើប្រាស់ និងស្បៀងអាហារកើនឡើង ដែលជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់ពលរដ្ឋទូទៅ។

ជារួមមកវិញ អ្នកជំនាញយល់ឃើញថា ប្រសិនបើកិច្ចចរចាមិនអាចលេចចេញឡើងនូវពន្លឺទេនោះ សេដ្ឋកិច្ចសកលដែលកំពុងស្ថិតក្នុងដំណាក់កាលងើបឡើងវិញ អាចនឹងត្រូវធ្លាក់ចូលទៅក្នុងវិបត្តិជាថ្មីម្តងទៀត ដោយសារតែផ្សែងកាំភ្លើងនៅឆ្នេរសមុទ្រអូម៉ង់នេះឯង៕

Share.