ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ថ្មីៗនេះមានព័ត៌មានចចាមអារ៉ាម និងគ្មានប្រភពច្បាស់លាស់ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយអះអាងថា ធនាគារមួយចំនួននឹងត្រូវបានបង្កកសាច់ប្រាក់ ឬត្រូវបានបិទដោយធនាគារជាតិនៃកម្ពុជា។


ប្រភពដដែលបញ្ជាក់ថា ព័ត៌មានមិនពិតទាំងនេះ ត្រូវបានផ្សព្វផ្សាយតាមគណនីហ្វេសប៊ុកឈ្មោះ «មាន សំណាង» និងគណនីតេឡេក្រាមឈ្មោះ «Heng Sok» ដែលមានខ្លឹមសារញុះញង់ឱ្យប្រជាពលរដ្ឋដកប្រាក់ពីធនាគារ។
ធនាគារជាតិនៃកម្ពុជា អះអាងថា ព័ត៌មានទាំងនេះមិនមែនជាការពិតឡើយ ហើយមានចេតនាបង្កចលាចល បង្កអស្ថិរភាពក្នុងប្រព័ន្ធធនាគារ និងអាចនាំឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

សេចក្តីប្រកាសបានបន្តថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំភ្លៃព័ត៌មានដោយចេតនា ដែលប៉ះពាល់ដល់ទំនុកចិត្តសាធារណជន និងស្ថិរភាពប្រព័ន្ធធនាគារ គឺជាទង្វើវិទ្ធង្សនាសេដ្ឋកិច្ច និងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។
បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា កំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវ កំណត់អត្តសញ្ញាណបុគ្គលពាក់ព័ន្ធ និងអនុវត្តនីតិវិធីតាមផ្លូវច្បាប់។
អត្ថបទ÷កណ្តាល
