ភ្នំពេញ ៖ ឃ្លាំងស្តុកទំនិញគ្រប់មុខមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ រងខូចខាតអស់ចំនួន៣ឃ្លាំង កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងពន្លត់ភ្លើងអស់រយៈពេល៧ម៉ោងទើបភ្លើងរលត់ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ហើយភ្លើងបានរលត់នៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល ស្ថិតនៅតាមផ្លូវជាតិលេខ៦អា ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។




ឃ្លាំងដែលទទួលរងអគ្គិភ័យឆាបឆេះ ចំនួន៣ឃ្លាំងជាប់គ្នា សង់ពីគ្រោងដែក ប្រក់ស័ង្កសី ទំហំ១២.៥០ម៉ែត្រx៦០ម៉ែត្រ ចំនួន១ឃ្លាំង និង២៥ម៉ែត្រx៦០ម៉ែត្រ ចំនួន២ឃ្លាំង មានស្តុកទំនិញ មី ប្រេងឆា ភេសជ្ជៈ សាច់បង្កក ថ្នាំលាប ថ្នាំពណ៌ ។




តាមសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ច្រើនគ្រឿងមកពីអង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តស្នងការក្រុងភ្នំពេញ សហការបាញ់ទឹក អស់រយៈពេល៧ម៉ោង រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែល ទើបភ្លើងរលត់ ។





ទំនិញក្នុងឃ្លាំងច្រើនមុខទទួលរងខូចខាត ហើយក្នុងនោះដែរ មានមន្ត្រីនគរបាល ខាងពន្លត់អគ្គិភ័យចំនួន២រូប រងរបួស ត្រូវបានកងសង្គ្រោះរបស់អង្គភាព៧១១ ជួយអន្តរាគមន៍ ។
ចំពោះមូលហេតុដែលបង្កឱ្យកើតគ្រោះអគ្គិភ័យបែបនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ៕
