ទន្ទឹមនឹងភាពសប្បាយរីករាយដែលរដ្ឋាភិបាលថៃ ព្យាយាមបំប៉ោងបង្អួតប្រាប់ពិភពលោកពីជោគជ័យនៃព្រឹត្តិការណ៍ចូលឆ្នាំនៅក្នុងប្រទេសខ្លួន គេសង្កេតឃើញមានស្រមោលអន្ធកាលនៃរឿងរ៉ាវអសោចជាច្រើនរាប់មិនអស់បានកើតឡើង។ នេះមិនរាប់ចូលអសន្តិសុខនៅភាគខាងត្បូងផង ប៉ុន្មានថ្ងៃនៃពិធីបុណ្យដ៏ធំថ្នាក់ជាតិនេះ ថៃកើតមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត មានទាំងអំពើហិង្សាលើភ្ញៀវទេសចរ និងការប្រើប្រាស់ល្បិចកខ្វក់បំពានលើស្ត្រីភេទ ក្នុងនោះមានទាហានម្នាក់ទៅទៀត។ ទាំងនេះសុទ្ធសឹងតែជាចំណុចខ្មៅងងឹតនៃវិស័យទេសចរណ៍ក្នុងប្រទេស ដែលថៃតែងតែព្យាយាមបិទបាំង ប៉ុន្តែអួតអាងថាខ្លួនជាប្រទេសស៊ីវិល័យនិងមានសន្តិសុខគ្រប់គ្រាន់ទៅវិញ។

បើតាមរបាយការណ៍របស់សារព័ត៌មានថៃធំៗ ត្រឹមតែរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១៤ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៩៥១លើក បណ្តាលឱ្យមនុស្ស ៩១១នាក់រងរបួស។ ក្នុងនោះ ទីក្រុងបាងកកបានក្លាយជាតំបន់ដែលមានអ្នកស្លាប់ច្រើនជាងគេបំផុត។ មូលហេតុចម្បងដែលត្រូវបានរកឃើញ គឺការបើកបរលើសល្បឿនកំណត់ និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដែលភាគច្រើននៃជនរងគ្រោះគឺជាយុវជនដែលមានអាយុចន្លោះពី ២០ ទៅ ២៩ឆ្នាំ។

ក្រៅពីករណីគ្រោះថ្នាក់ចរាចរណ៍ ភាពអនាធិបតេយ្យក្នុងតំបន់ទេសចរណ៍ក៏បានក្លាយជាប្រធានបទក្តៅគគុក ដែលត្រូវបានគេលើកយកមកជជែកវែកញែកគ្នាខ្លាំងលើបណ្ដាញសង្គមផងដែរ។ បើយោងតាមសារព័ត៌មានអន្តរជាតិធំៗដូចជា CNA និង The Thaiger កាលពីថ្ងៃទី១៣ ខែមេសា នៅភូកេត បុរសអ្នកបើកបររថយន្តឈ្នួលម្នាក់ឈ្មោះ សាធិត (Satit) ត្រូវបានក្រុមអ្នកទេសចរបរទេសឡោមព័ទ្ធបាញ់ទឹក និងព្យាយាមទាញទ្វាររថយន្តបំពានចូលទៅខាងក្នុង គ្រាន់តែដោយសាររូបលោកចុចស៊ីផ្លេសុំផ្លូវធ្វើដំណើរ។

ក្រៅពីនោះក៏មានករណីមួយទៀតកើតឡើងនៅប៉ាតាយ៉ា ដោយមានវីដេអូមួយបានចែកចាយពេញបណ្តាញសង្គមកាលពីថ្ងៃទី១៧ មេសា មានក្រុមបុរសបរទេស ៣នាក់ ព្រួតគ្នាវាយដំទៅលើបុរសចំណាស់ជនជាតិអឺរ៉ុបម្នាក់យ៉ាងអនាធិបតេយ្យបំផុតនៅកណ្តាលវិថី Walking Street។ អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ គឺអវត្តមាននៃកម្លាំងសមត្ថកិច្ចក្នុងការជួយអន្តរាគមន៍ក្នុងតំបន់មមាញឹកបែបនេះ រហូតទាល់តែមានអ្នកដំណើរឆ្លងកាត់ចូលទៅជួយដោយខ្លួនឯង។ ករណីស្រដៀងគ្នានេះក៏បានកើតឡើងជាបន្តបន្ទាប់ ដូចជាជនជាតិបារាំងព្រួតវាយអ្នករត់ម៉ូតូឌុបថៃ និងក្រុមទេសចរបង្ខំបើកទ្វាររថយន្តវ៉ែនដើម្បីបាញ់ទឹកដាក់អ្នកដំណើរ ទោះមានការអង្វរករយ៉ាងណាក៏ដោយ។

ស្របពេលនោះក៏មានករណីនឹកស្មានមិនដល់មួយទៀតដែលក្រុមជនខិលខូចបានលួចដាក់ថ្នាំវង្វេងស្មារតី (សង្ស័យថាជាប្រភេទថ្នាំសន្លប់ GHB) ក្នុងកាំភ្លើងបាញ់ទឹក រួចបាញ់សំដៅលើផ្ទៃមុខស្ត្រីម្នាក់នៅតំបន់កម្សាន្តក្នុងក្រុងបាងកក។ ជនរងគ្រោះបានអះអាងថា នាងមានអាការៈញ័រប្រកាច់ និងបែកពពុះមាត់ភ្លាមៗ បន្ទាប់ពីត្រូវបានគេបាញ់ទឹកចូលមុខ និងមាត់។ ទោះបីជាមានការវែកញែករឿងតម្លៃថ្នាំក៏ដោយ ប៉ុន្តែវិញ្ញាបនបត្របញ្ជាក់ពីគ្រូពេទ្យបានបង្ហាញភស្តុតាងច្បាស់ថា មានសារធាតុពុលក្នុងខ្លួននាងពិតមែន។ នេះ គឺជាសញ្ញាព្រមានដ៏គ្រោះថ្នាក់បំផុតសម្រាប់ស្ត្រីភេទដែលចូលរួមក្នុងកម្មវិធីសាធារណៈបែបនេះ។

មិន​ត្រឹម​តែ​ករណី​ខាង​លើ​ ប៉ុន្តែ​ករណី​កាន់តែគួរឱ្យខ្លាចនិងព្រួយបារម្ភបំផុតមួយទៀត គឺការបៀតបៀននិងប្រព្រឹត្តិអនាចារទៅលើក្មេងស្រីវ័យ១៥ឆ្នាំ នៅក្នុងបន្ទប់ទឹក ពីពលទាហានវ័យក្មេងថៃ ដែលបានច្បាប់សំរាកចូលឆ្នាំ បានជុំគ្នាទៅដើរលេង បែរជាទៅធ្វើបាបក្មេងស្រីម្នាក់ទៅវិញ។ ទោះជាពេលនេះឮថាមានការដាក់ពិន័យទៅលើអ្នកប្រព្រឹត្តិ ប៉ុន្តែករណីនេះមិនគួរកើតចេញពីមន្ត្រីមានពាក់ឯកសណ្ឋាន ដែលជារបងការពារជាតិនោះឡើយ។

ករណីទាំងអស់ដូចបានរៀបរាប់ខាងលើនេះ បានបង្ហាញឱ្យឃើញច្បាស់ថា ត្បិតថាថៃ ពិតជាបានទាក់ទាញទេសចរណ៍ច្រើនទៅលេងប្រទេសខ្លួនមែន ប៉ុន្តែការចាត់ចែងនិងគ្រប់គ្រងមិនបានល្អ គឺជាកម្សោយនៃការដឹកនាំរបស់រដ្ឋាភិបាល រហូតកើតមានបញ្ហាអសន្តិសុខ និងបង្កជាគ្រោះថ្នាក់ដល់អ្នកដែលទៅដើរលេងកម្សាន្ត ដែលចង់បានភាពសប្បាយរីករាយតែបែរជាទទួលរងនូវការបំពាននិងបៀតបៀនទៅវិញ។

សម្រាប់រដ្ឋាភិបាលថៃ ពួកគេហាក់ដូចជាកំពុងផ្តោតខ្លាំងតែលើការផ្សព្វផ្សាយអួតអាងពី «ចំនួនភ្ញៀវទេសចរ» និងតួលេខសេដ្ឋកិច្ច ប៉ុន្តែពួកគេបាននឹងកំពុងមើលរំលងពីគុណភាព សុវត្ថិភាព និងសីលធម៌នៃភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលចូលរួមមកលេងកម្សាន្តទៅវិញ។ ការបណ្តោយឱ្យភាពអនាធិបតេយ្យ និងអំពើហិង្សាកើតឡើងដោយគ្មានទោសទណ្ឌធ្ងន់ធ្ងរ ក៏ដូចជាវិធីដោះស្រាយឱ្យបានទាន់ពេលវេលា នោះថៃ កំពុងតែបំផ្លាញវិស័យទេសចរណ៍របស់ខ្លួនបន្តិចម្តងៗ ដោយមិនដឹងខ្លួន៕

ប្រភព៖ The Thaiger

Share.