ភ្នំពេញ៖ បុរសម្នាក់ឡើងផ្សារដែកតាមកាំជណ្តើរ ស្រាប់តែឆ្លងចរន្តភ្លើងឆក់ខ្លួនឯងស្លាប់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣:១៥នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ វង្ស ម៉ាប់ ភេទប្រុស អាយុ៦៤ឆ្នាំ មានប្រពន្ធ និងកូនចំនួន៣នាក់ រស់នៅផ្ទះកើតហេតុខាងលើ។ តាមអាជ្ញាធរបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានយកឧបករណ៍ផ្សារដែក ធ្វើការផ្សារដែកនៅតាមកាំជណ្តើរផ្ទះដោយខ្លួនឯង ស្រាប់តែឆ្លងចរន្តភ្លើងឆក់ធ្លាក់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង តែទោះយ៉ាងណាក្តី ក្រុមគ្រួសារមិនអស់ចិត្ត បានដឹកជនរងគ្រោះតាមម៉ូតូកង់បីទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង តែត្រូវបានគ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបខាងមន្ទីរពេទ្យជួយដឹកសពវិលមកផ្ទះវិញ។

ករណីខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយឆក់ចរន្តអគ្គិសនីដោយខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖​ តាតុងសែនជ័យ

Share.