កណ្ដាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយ បានកើតឡើងនៅវេលាម៉ោង១០:១០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ហេតុការណ៍នេះ ជាការប៉ះទង្គិចរវាងរថយន្តម៉ាក HONDA CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-5229 និងម៉ូតូសណ្ដោងរ៉ឺម៉កម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AP-1066 បណ្ដាលឲ្យមនុស្សរងរបួសសរុប ៥នាក់ ក្នុងនោះរបួសធ្ងន់ ១នាក់ និងរបួសស្រាល ៤នាក់។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបើកបរដោយឈ្មោះ សេង គឿន ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅក្រុងសំពៅពូន ខេត្តកណ្ដាល ធ្វើដំណើរពីទិសត្បូងទៅជើង។ លុះមកដល់កន្លែងកើតហេតុ បានបើកវ៉ាជែងម៉ូតូសណ្ដោងរ៉ឺម៉កនៅខាងមុខ ស្របពេលនោះរថយន្តបានបែកកង់ក្រោយខាងស្ដាំ រួចរេចង្កូតទៅប៉ះម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យក្រឡាប់តែម្តង។

អ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កឈ្មោះ អ៊ាង ហុក អាយុ ៤៩ឆ្នាំ រងរបួសធ្ងន់ ខណៈអ្នករួមដំណើរ ៤នាក់ទៀត រងរបួសស្រាល រួមមានស្ត្រីមានផ្ទៃពោះ ៦ខែម្នាក់ កុមារីអាយុ ៦ឆ្នាំម្នាក់ និងកុមារអាយុ ១ឆ្នាំកន្លះម្នាក់។ អ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើករថយន្ត ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។ លទ្ធផលត្រួតពិនិត្យជាតិអាល់កុល និងតេស្តទឹកនោម បង្ហាញថា មិនមានជាតិអាល់កុល និងអវិជ្ជមានគ្រឿងញៀន។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបឋម បណ្ដាលមកពីអ្នកបើករថយន្តវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។

អត្ថបទ៖ កណ្តាល

Share.