ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង តំណាងកម្ពុជា នឹងធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីប្រកួតទល់នឹង Bangkok United របស់ថៃ នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ ខណៈការប្រកួតនឹងរៀបចំឡើងជាផ្លូវការក្នុងកីឡដ្ឋាន Hang Day ក្នុងពានរង្វាន់ក្លឹបកំពូលអាស៊ីអាគ្នេយ៍ ASEAN Club Championship Shopee Cup ២០២៥-២០២៦។

នេះជាលទ្ធផ និងកម្មវិធីប្រកួតរបស់ព្រះខ័នរាជស្វាយរៀង នៅក្នុងពូល B កន្លងមករួមមាន៖
- ថ្ងៃទី២១ សីហា ២០២៥៖ Shan United FC ០-៣ ព្រះខ័នរាជស្វាយរៀង
- ថ្ងៃទី២៥ កញ្ញា ២០២៥៖ Nam Dinh FC ២-១ ព្រះខ័នរាជស្វាយរៀង
- ថ្ងៃទី៤ ធ្នូ ២០២៥៖ ព្រះខ័នរាជស្វាយរៀង ២-២ Johor Darul Ta’zim FC
- ថ្ងៃទី៥ កុម្ភៈ២០២៥៖ Lion City Sailors FC ០-២ ព្រះខ័នរាជស្វាយរៀង
- ថ្ងៃទី២២ ខែមេសា ២០២៦ ព្រះខ័នរាជស្វាយរៀង ប៉ះ Bangkok United
សូមរំឮកថា ជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ទល់នឹងក្រុម Bangkok United FC របស់ថៃ ដែលគ្រោងធ្វើឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ កន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ត្រូវបានលើកពេល។ ក្រោយមកនៅខែមេសា ឆ្នាំ២០២៦ នេះទើបសហព័ន្ធកីឡាបាល់ទាត់សា៊ន សម្រេចតម្រូវឱ្យក្រុមម្ចាស់ផ្ទះ ត្រវប្រកួតនៅក្រៅដី។
អត្ថបទពាក់ព័ន្ធ៖ Shopee Cup៖ ស្វាយរៀង អស់ឱកាសទៅវគ្គ៤ក្រុមពានរង្វាន់ក្លិបតំបន់អាស៊ាន ទោះសល់ប្រកួតទៀតក៏ដោយ!
សូមបញ្ជាក់ថា សម្រាប់រូបមន្តប្រកួតនៅក្នុងពូលគឺក្រុមដែលមានពិន្ទុខ្ពស់ជាងគេ និងក្រុមលេខ២ តាមពូលទាំងពីរនឹងមានឈ្មោះឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រកួតគ្នាចំនួន២ជើង Home/Away ក្រុមឈ្នះ២ក្រុម នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកតំបន់អាស៊ាន ASEAN Club Championship នេះធ្លាប់រៀបចំឡើង២លើកមក ដោយក្នុងឆ្នាំ២០០៣ ជើងឯកបានទៅក្រុម East Bengal របស់ឥណ្ឌា ក្រោយយកឈ្នះក្រុម BEC Tero Sasana របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយឆ្នាំ២០០៥ ជើងឯកបានទៅក្រុម Tampines Rovers របស់សិង្ហបុរី ក្រោយយកឈ្នះលើក្រុម Pahang FA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៤-២ នៅទីក្រុងបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ៕

