សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃទី១៩ ខែមេសាថា ខ្លួនបានដកហូតនាវាដឹកទំនិញរបស់អ៊ីរ៉ង់មួយគ្រឿងដែលបានព្យាយាមទម្លាយការបិទខ្ទប់របស់អាមេរិកនៅតំបន់ច្រកសមុទ្រហូមូស (Hormuz)។ ខណៈពេលជាមួយគ្នានេះអ៊ីរ៉ង់បានប្រកាសថានឹងឆ្លើយតបវិញដែលធ្វើឱ្យលទ្ធភាពនៃការរក្សាបទឈប់បាញ់រវាងប្រទេសទាំងពីរមិនអាចទៅរួចបើទោះបីជាជិតដល់ថ្ងៃកំណត់នៅថ្ងៃទី ២១ ខែមេសា តាមដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីមុនក៏ដោយ។

កងទ័ពសហរដ្ឋអាមេរិកបានបញ្ជាក់ថាខ្លួនបានបាញ់សំដៅទៅលើនាវាដឹកទំនិញដែលដោតទង់ជាតិអ៊ីរ៉ង់ក្នុងខណៈពេលដែលនាវានោះកំពុងធ្វើដំណើរទៅកាន់កំពង់ផែ ប៉ាន់ដា អាបាស់ (Bandar Abbas) របស់អ៊ីរ៉ង់។បន្ទាប់មក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះលើបណ្តាញសង្គមថា៖ យើងបានគ្រប់គ្រងនាវារបស់ពួកគេទាំងស្រុងហើយហើយកំពុងត្រួតពិនិត្យមើលថា តើមានអ្វីខ្លះនៅលើនាវានោះ។
កងទ័ពអ៊ីរ៉ង់បានលើកឡើងថានាវាដឹកទំនិញនោះធ្វើដំណើរមកពីប្រទេសចិន ព្រមទាំងបានបង្ហាញជំហរយ៉ាងច្បាស់ថា៖ “យើងសូមព្រមានថា កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងឆ្លើយតប និងសងសឹកចំពោះការប្លន់ដោយប្រើអាវុធរបស់កងទ័ពអាមេរិកក្នុងពេលឆាប់ៗនេះ” នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់អ៊ីរ៉ង់ក៏បានរាយការណ៍ផងដែរថាទីក្រុងតេអេរ៉ង់បានបដិសេធការចរចាសន្តិភាពជុំថ្មី ដោយយោងលើការបិទខ្ទប់ដែលនៅតែបន្តការប្រើសម្តីគំរាមកំហែង និងឥរិយាបថដែលផ្លាស់ប្តូរចុះឡើងរួមទាំងការទាមទារខ្លាំងហួសហេតុរបស់ទីក្រុងវ៉ាស៊ីនតោន។
មិនត្រឹមតែភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ានិងច្រកសមុទ្រហូមូសនឹងហក់ឡើងខ្ពស់ប៉ុណ្ណោះទេប៉ុន្តែការខិតខំប្រឹងប្រែងដើម្បីបង្កើតសន្តិភាពប្រកបដោយនិរន្តរភាពក្នុងតំបន់ក៏ហាក់បីដូចជាមិនមានស្ថេរភាពផងដែរបន្ទាប់ពីអ៊ីរ៉ង់បញ្ជាក់ថានឹងមិនចូលរួមការចរចាជុំទី ២ ជាមួយសហរដ្ឋអាមេរិកដែលដើមឡើយគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសប៉ាគីស្ថានដែលសហរដ្ឋអាមេរិកសង្ឃឹមថានឹងចាប់ផ្តើមមុនពេលកិច្ចព្រមព្រៀងឈប់បាញ់ត្រូវអស់សុពលភាព។




មុននេះ លោក ត្រាំបានព្រមានអ៊ីរ៉ង់ថា សហរដ្ឋអាមេរិកនឹងបំផ្លាញស្ពាននិងរោងចក្រអគ្គិសនីគ្រប់កន្លែងក្នុងប្រទេសអ៊ីរ៉ង់ប្រសិនបើទីក្រុងតេអេរ៉ង់បដិសេធលក្ខខណ្ឌរបស់លោកដែលជាការគំរាមកំហែងក្នុងលក្ខណៈដូចគ្នាទៅនឹងអ្វីដែលបានកើតឡើងពេញមួយអំឡុងសង្រ្គាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ដែលបានឈានចូលដល់សប្តាហ៍ទី ៨ ហើយ។
ដោយឡែកភាគីអ៊ីរ៉ង់បានបញ្ជាក់ថាប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួនអ៊ីរ៉ង់ក៏នឹងវាយប្រហារលើរោងចក្រអគ្គិសនី និងរោងចក្រផលិតទឹកស្អាតដោយការចម្រាញ់ពីទឹកសមុទ្រនៅក្នុងបណ្តាប្រទេសអារ៉ាប់នៃតំបន់ឈូងសមុទ្រដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកវិញដែរ៕

