ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសព័ត៌មាន សម្ដែងការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ដែលកម្ពុជាចាត់ទុកថា ជាការពង្រឹងការកាន់កាប់ដោយខុសច្បាប់ និងរំលោភលើអធិបតេយ្យភាព ព្រមទាំងបូរណភាពទឹកដីរបស់កម្ពុជា។


តាមសេចក្ដីប្រកាស បានបញ្ជាក់ថា សកម្មភាពខាងលើកើតមាននៅតំបន់ជាច្រើន រួមមាន ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់ ដោយមានការសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ បន្តសាងសង់ផ្លូវ ជីកលេណដ្ឋាន និងប្រើគ្រឿងចក្រឈូសឆាយដីនៅតាមតំបន់ព្រំដែន។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសកម្មភាពទាំងនេះថា ជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជាពិសេសគោលការណ៍ដោះស្រាយវិវាទដោយសន្តិវិធី ការគោរពអធិបតេយ្យភាពទឹកដី និងការមិនប្រើប្រាស់កម្លាំងប្រឆាំងរដ្ឋដទៃ។
កម្ពុជា បានគូសបញ្ជាក់ជាថ្មីថា មិនទទួលយកខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីណាមួយ ដែលអះអាងឯកតោភាគីដោយភាគីថៃឡើយ ហើយសកម្មភាពទាំងនេះ មិនអាចប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាក្នុងការកំណត់បន្ទាត់ព្រំដែនអន្តរជាតិបានទេ។


ជាមួយគ្នានេះ កម្ពុជាបានអំពាវនាវឱ្យភាគីថៃ បញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅតំបន់ពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពតានតឹង ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក និងរក្សាសន្តិភាព ស្ថិរភាព ព្រមទាំងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តដោះស្រាយជម្លោះព្រំដែនទាំងអស់ជាមួយថៃ និងប្រទេសជិតខាងផ្សេងទៀត ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។



