ទីផ្សារថាមពលពិភពលោកបានធ្លាក់ក្នុងសភាពជ្រួលច្របល់ជាថ្មីនៅដើមសប្តាហ៍នេះ ខណៈតម្លៃប្រេងឆៅបានហក់ឡើងវិញយ៉ាងគំហុក ភ្លាមៗបន្ទាប់ពីច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ត្រូវបានបិទច្រកជាលើកទីពីរ។ ការវិវត្តដ៏តានតឹងនេះ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការរំលោភលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់ក្នុងរយៈពេលដ៏ខ្លីបំផុត។

យោងតាមទិន្នន័យទីផ្សារ ប្រេងឆៅប្រភេទ Brent បានហក់ឡើង ៦.៧៦% ក្នុងតម្លៃ ៩៦.៤៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅសហរដ្ឋអាមេរិក (WTI) បានកើនឡើង ៧.៧៩% ដល់ ៩០.៣៨ ដុល្លារក្នុងមួយបារ៉ែល។ កំណើនដ៏គំហុកនេះ បានលុបបំបាត់ក្តីសង្ឃឹមដែលថា លំហូរចរាចរណ៍នាវានឹងវិលត្រឡប់មកសភាពដើមវិញ កាលពីចុងសប្តាហ៍កន្លងទៅ។
កម្តៅនយោបាយបានឈានដល់ចំណុចកំពូល បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថា កងទ័ពអាមេរិកបានរឹបអូសនាវាដឹកទំនិញរបស់អ៊ីរ៉ង់ ដែលព្យាយាមបំបែកការឡោមព័ទ្ធរបស់វ៉ាស៊ីនតោន។ ជាការឆ្លើយតប ទីក្រុងតេអេរ៉ង់បានប្រកាសបដិសេធមិនចូលរួមក្នុងកិច្ចចរចាសន្តិភាពជុំទីពីរ និងច្រានចោលរាល់ការពិភាក្សាបន្ថែម ទោះបីជាមានការគំរាមកំហែងវាយប្រហារតាមអាកាសពីសំណាក់អាមេរិកក៏ដោយ។
អ្នកជំនាញផ្នែកស្រាវជ្រាវថាមពលបានលើកឡើងថា ទីផ្សារប្រេងនាពេលនេះ កំពុងស្ថិតក្នុងស្ថានភាពប្រែប្រួលខ្លាំងទៅតាមចរន្តព័ត៌មាន និងសញ្ញានយោបាយ ជាជាងផ្អែកលើស្ថានភាពជាក់ស្តែងនៅទីវាល។ ច្រកសមុទ្រ Hormuz ដែលធ្លាប់គ្រប់គ្រងលំហូរប្រេងប្រមាណ ១ ភាគ ៥ នៃតម្រូវការសកល នៅតែជាចំណុចស្លាប់រស់នៃសន្តិសុខថាមពល ខណៈដែលការងើបឡើងវិញនៃចរាចរណ៍នាវាត្រូវបានគេមើលឃើញថា មានភាពស្រួយស្រាល និងស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។
យ៉ាងណាមិញមជ្ឈដ្ឋានអន្តរជាតិវិញកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការប្រឈមមុខដាក់គ្នាដែលអូសបន្លាយជិតពីរខែមកនេះ ដែលវាមិនត្រឹមតែជាវិបត្តិយោធានោះទេ ប៉ុន្តែគឺជាការគំរាមកំហែងផ្ទាល់ដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោកទាំងមូល៕

