បាត់ដំបង៖ សមត្ថកិច្ចការពារតំបន់ព្រំដែនបានស្ទាក់ឃាត់ខ្លួនជនជាតិថៃ ៦នាក់ខណ:ឆ្លងដែនដោយខុសច្បាប់ចូលក្នុងទឹកដីស្រុកសំពៅលូន ប្រទេសកម្ពុជា។

កងកម្លាំងចម្រុះការពារតំបន់ព្រំដែនភូមិសាស្ត្រស្រុកសំពៅលូន រួមមានកម្លាំងជំនាញការងារទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិគីឡូ ១៣ ( ភ្នំដី ) កម្លាំងកងពលតូចថ្មើរជើងលេខ ៥៣, កងកម្លាំងប្រតិបត្តិការសឹករងស្រុកសំពៅលូន និងកម្លាំងកងពលវរសេនាតូចលេខ ៥៥១ នៅយប់រំលងអាធ្រាតម៉ោង ១:៥០ នាទីឈានចូលថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦នេះបានឆ្មក់បង្ក្រាបករណីលួចឆ្លងដែនខុសច្បាប់មួយករណី ដោយឃាត់ខ្លួនបានជនជាតិថៃចំនួន ០៦ នាក់ ស្រី ០១ នាក់ ខណៈពួកគេត្រូវបានមេខ្យល់ដឹកយកមកប្លុងចោលលើទឹកដីកម្ពុជា។

ប្រភពព័ត៌មានបានបន្ថែមថា÷ ជនជាតិថៃទាំងនោះត្រូវបានគេដឹងថាមានរថយន្តមួយគ្រឿងម៉ាក Toyota Alphard ពណ៌ខ្មៅ បានដឹកចេញពីក្រុងប៉ោយប៉ែត រួចយកមកទម្លាក់ទុកចោលនៅត្រង់ចំណុចភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក៏ត្រូវកម្លាំងជំនាញចុះឃាត់ខ្លួនសួរនាំតែម្តង។

បច្ចុប្បន្នជនជាតិថៃទាំងអស់ខាងលើបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារគីឡូ ១៣ ដើម្បីអនុវត្តនីតិវិធីបន្ត៕
អត្ថបទ: ដំបងក្រញូង

