យោងតាមសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ការវះកាត់ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយក្រុមគ្រូពេទ្យជំនាញនៃសាធារណរដ្ឋប្រជាមានិតចិន គឺទទួលបានជោគជ័យជាស្ថាពរហើយ។

នៅក្នុងសារដដែលនោះ សម្តេចតេជោដែលកំពុងស្ថិតនៅមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំងផ្ទាល់ បានបញ្ជាក់ថា ការវះកាត់ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២០ ខែមេសានេះ ហើយបច្ចុប្បន្នព្រះករុណាអម្ចាស់ជីវិតលើត្បូងបានដឹងព្រះកាយវិញហើយ បន្ទាប់ពីអស់ឥទ្ធិពលនៃព្រះឱសថសណ្តំ។ ខណៈពេលនេះ ក្រុមគ្រូពេទ្យចិនកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត លើការវិវត្តនៃព្រះរាជសុខភាពរបស់ព្រះអង្គនៅក្រោយថ្វាយការវះកាត់ ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់បំផុត។

ជាមួយគ្នានេះ ព្រះករុណាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះអង្គទាំងទ្វេបានសម្តែងនូវព្រះរាជអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ ដែលបានផ្ញើសារថ្វាយព្រះពរជ័យ និងបួងសួងសុំឱ្យព្រះអង្គឆាប់បានសះស្បើយពីព្រះរោគ។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតី ស៊ី ជិនភីង ក៏ដូចជារដ្ឋាភិបាលចិន ដែលបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា ព្រមទាំងអរគុណដល់ក្រុមគ្រូពេទ្យដែលមានសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចដ៏សំខាន់នេះ។

ជាចុងក្រោយ សម្តេចតេជោបានរំលឹកផងដែរថា សម្តេច រួមជាមួយកូនប្រុសពីររូបគឺ ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញមកដល់ទីក្រុងប៉េកាំងតាំងពីថ្ងៃទី ១៧ ខែមេសា ក្នុងគោលបំណងដើម្បីគាល់កំដរ និងថែរក្សាព្រះមហាក្សត្រ និងហ្លួងម៉ែ ក្នុងគ្រាដ៏សំខាន់នេះ ព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ គឺជាតំណាងឱ្យសុខភាព និងសេចក្តីសុខរបស់ប្រទេសជាតិទាំងមូល។ ប្រសិនបើព្រះរាជសុខភាពរបស់ព្រះអង្គមានភាពល្អប្រសើរជាបន្តបន្ទាប់ សម្តេចតេជោ និងបុត្រា គ្រោងនឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ៕

Share.