ក្នុងពិធីសម្ពោធសៀវភៅ «រដ្ឋមន្ត្រីកូវីដ» នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រុំ សុខា អតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអ្នកនិពន្ធផ្ទាល់ បានលើកឡើងអំពីគោលបំណងសំខាន់នៃការបោះពុម្ពផ្សាយស្នាដៃនេះ ដែលឯកឧត្តមបានចំណាយពេល ៣ ឆ្នាំដើម្បីចងក្រង។ សៀវភៅអក្សរសិល្ប៍ដែលមានកម្រាស់រាប់រយទំព័រនេះ គឺជាកំណត់ត្រានៃជីវិតការងាររបស់មន្ត្រីសាធារណៈម្នាក់ដែលបានបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនអស់រយៈពេល ៤៧ ឆ្នាំ ជាពិសេសក្នុងអំឡុងពេល ៣ ឆ្នាំដែលឯកឧត្តមកាន់តំណែងជារដ្ឋមន្ត្រី ចំកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩ ចន្លោះឆ្នាំ ២០២០ ដល់ ២០២៣។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា សៀវភៅនេះគឺជាការប្រមូលផ្តុំនូវបទពិសោធន៍ការងារជាឧត្តមានុវត្តន៍ តាមរយៈការឆ្លងកាត់វិញ្ញាសាជាក់ស្តែងក្នុងវិស័យរដ្ឋបាលសាធារណៈនៅកម្ពុជា។ ខ្លឹមសារក្នុងសៀវភៅបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ចាប់តាំងពីមរតកប្រវត្តិសាស្ត្រនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ រហូតដល់បញ្ហាបច្ចុប្បន្នដែលបង្កឡើងដោយការប្រកួតប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាចពិភពលោក។ ឯកឧត្តមបានបន្តថា វិបត្តិភពផែនដីនេះគឺជាករណីសិក្សាដ៏សំខាន់ និងជាវិញ្ញាសាសាកល្បងសកលចំពោះអភិបាលកិច្ច និងភាពធន់នៃសង្គម ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រជោគជ័យនៃសង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ ហើយសៀវភៅនេះនឹងចូលរួមរំលឹកនូវចលនាសាមគ្គីជាតិដែលជាមេរៀនសម្រាប់កូនខ្មែរគ្រប់ជំនាន់។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានរំលឹកដល់សភាពការណ៍បច្ចុប្បន្ន ដោយលើកឡើងពីការតស៊ូដ៏អង់អាចរបស់កងទ័ពកម្ពុជាប្រឆាំងនឹងការឈ្លានពានព្រំដែនពីសំណាក់កងទ័ពសៀម ដែលបានវិវត្តទៅជាសង្គ្រាមពេញបន្ទុកនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តមចាត់ទុកថា នេះជាសង្គ្រាមស្នេហាជាតិដ៏ស្រួចស្រាល់ដើម្បីការពារបូរណភាពទឹកដី និងសន្តិភាពដែលកម្ពុជាទទួលបានក្នុងរយៈពេល ២៧ ឆ្នាំចុងក្រោយ។ ទោះបីជាឯកឧត្តមមិនបានកាន់អាវុធផ្ទាល់នៅសមរភូមិ ប៉ុន្តែក្នុងនាមជាអ្នកនិពន្ធ ឯកឧត្តមបានប្រើប្រាស់ដងប៉ាកកាដើម្បីលើកទឹកចិត្តចលនាស្នេហាជាតិ និងកសាងខឿនការពារជាតិ ដើម្បីអនាគតដ៏យូរអង្វែងរបស់មនុស្សជាតិកម្ពុជា។

ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ៧ ធ្នូ ក្រោមប្រធានបទស្តីពីអ្នកនិពន្ធជាទូតសុឆន្ទៈនៃវប្បធម៌សន្តិភាព ឯកឧត្តមបានប្តេជ្ញាបន្តបង្កើតស្នាដៃដើម្បីលើកកម្ពស់តម្លៃ «ប៉ាកកាសន្តិភាព» ពេញមួយជីវិត។ ឯកឧត្តមបានកំណត់នូវទស្សនៈវិស័យចំនួន ៣ សំខាន់ៗគឺ ទីមួយ ការចូលរួមយ៉ាងសកម្មតាមរយៈអាវុធប៉ាកកាដើម្បីការពារអធិបតេយ្យជាតិ, ទីពីរ ការលើកកម្ពស់មនសិការស្នេហាជាតិ និងសាមគ្គីភាពផ្ទៃក្នុង, និងទីបី ការប្តេជ្ញាការពារដាច់ខាតនូវសុខសន្តិភាព និងវិបុលភាពជាតិ។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងនូវជំនឿយ៉ាងមុតមាំលើមគ្គុទ្ទេសភាពដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយជឿជាក់ថា កម្លាំងសាមគ្គីជាតិដែលធ្លាប់ឈ្នះសង្គ្រាមផ្ទៃក្នុង និងឈ្នះសត្រូវឥតស្រមោលកូវីដ-១៩ នឹងអាចដណ្តើមបានជ័យជម្នះលើខ្មាំងឈ្លានពាន ដែលឯកឧត្តមប្រសិទ្ធនាមថាជា «កូវីដ-១៩ មានស្រមោល»។ បើទោះបីជាពិធីសម្ពោធផ្លូវការត្រូវបានអូសបន្លាយដោយសារស្ថានភាពសង្គ្រាមនៅព្រំដែន ប៉ុន្តែឯកឧត្តមនៅតែមានបំណងមោះមុតក្នុងការផ្សព្វផ្សាយស្នាដៃនេះឱ្យបានឆាប់ តាមរយៈបទសម្ភាស និងបណ្តាញសង្គមនានា ដើម្បីរួមចំណែកក្នុងចលនាការពារជាតិក្នុងបុព្វហេតុសន្តិភាព និងវិបុលភាពនៃមាតុភូមិ៕

Share.