ស្របពេលដែលពិធីបុណ្យសង្ក្រាន្តទើបតែបញ្ចប់ទៅបានរយៈពេល ៤ ថ្ងៃ សោកនាដកម្មអគ្គិភ័យបានវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើរោងចក្រផលិតកម្មធំៗចំនួនពីរក្នុងប្រទេសថៃ នាថ្ងៃទី១៩-២០ ខែមេសានេះ បង្កឱ្យមានការភ្ញាក់ផ្អើល និងខូចខាតទ្រព្យសម្បត្តិជាទម្ងន់។

ករណីទី១ កើតគ្រោះអគ្គិភ័យនៅសួនឧស្សាហកម្ម Rojana ខេត្តអយុធ្យា ដែលនៅវេលាម៉ោងប្រហែល ១:៣០ នាទីរសៀល ជួបភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងរោងចក្រផលិតគ្រឿងបន្លាស់អេឡិចត្រូនិក ដែលវិនិយោគដោយជនជាតិចិន ស្ថិតក្នុងស្រុក Uthai ខេត្ត Phra Nakhon Si Ayutthaya។ ឃ្លាំងទំនិញដ៏ធំមួយត្រូវបានបំផ្លាញខ្ទេចខ្ទី ខណៈដែលកម្មករជិត ១០០ នាក់ ភាគច្រើនជាជនជាតិមីយ៉ាន់ម៉ាបានរត់គេចខ្លួនចេញពីអគារទាំងអាការៈភ័យស្លន់ស្លោ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលឮសំឡេងស៊ីផ្លេប្រកាសអាសន្នដំបូង មិនមានអ្នកណាចាប់អារម្មណ៍ឡើយ ដោយស្មានថាជាការសាកល្បងបច្ចេកទេស ប៉ុន្តែភ្លាមៗនោះស្រាប់តែមានសំឡេងផ្ទុះយ៉ាងខ្លាំងអមដោយផ្សែងខ្មៅខ្បាញ់ឡើង ទើបបង្កឱ្យមានការរត់ជាន់គ្នាដើម្បីរុករកផ្លូវចេញ។ បច្ចុប្បន្ន អាជ្ញាធរកំពុងវាយតម្លៃផលប៉ះពាល់ដល់បរិស្ថានជុំវិញ និងតាមដានសុខភាពសហគមន៍ក្បែរនោះ។
រីឯករណីទី២ កើតមានអគ្គិភ័យលេបត្របាក់រោងចក្រផលិតវ៉ែនតាក្នុងខេត្តនុនថៈបុរីក្នុងស្រុក Bang Bua Thong ។ អណ្តាតភ្លើងបានចាប់ផ្ដើមឆាបឆេះចេញពីជាន់ទី១ និងរាលដាលយ៉ាងរហ័សឡើងទៅដល់ជាន់ទី៤ នៃអគាររោងចក្រ។ ប្រតិបត្តិការសង្គ្រោះមានភាពលំបាកយ៉ាងខ្លាំង ដោយសារនៅខាងក្នុងរោងចក្រមានផ្ទុកសារធាតុគីមីងាយឆេះជាច្រើន ជាហេតុបណ្តាលឱ្យមានសំឡេងផ្ទុះកម្រើកឡើងជាបន្តបន្ទាប់។ ក្រុមពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តទឹក និងឧបករណ៍បច្ចេកទេសជាច្រើនគ្រឿង ដើម្បីបាញ់ទប់ទល់ពីខាងក្រៅអស់រយៈពេលជាង ២ ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

នៅក្នុងរបាយការណ៍បឋមបានបញ្ជាក់ថា រហូតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីជនរងគ្រោះដល់ជីវិត ឬរបួសធ្ងន់ធ្ងរនៅក្នុងហេតុការណ៍ទាំងពីរនេះនៅឡើយទេ។ ចំពោះមូលហេតុពិតប្រាកដ និងទំហំនៃការខូចខាតសរុប អាជ្ញាធរបច្ចេកទេសថៃកំពុងចុះអង្កេតយ៉ាងល្អិតល្អន់ ដើម្បីស្វែងរកការពិត និងដាក់វិធានការបង្ការបន្តទៀត។
គួររំលឹកថា ក្នុងខែមេសា ឆ្នាំ២០២៦ នេះ ប្រទេសថៃបានប្រឈមមុខនឹងគ្រោះអគ្គិភ័យជាបន្តបន្ទាប់ ដែលភាគច្រើនបណ្តាលមកពីកម្ដៅអាកាសធាតុហក់ឡើងខ្ពស់ខ្លាំង និងការធ្វេសប្រហែសក្នុងអំឡុងពេលឈប់សម្រាកបុណ្យសង្ក្រាន្ត។ ក្រៅពីករណីអគ្គិភ័យនៅខេត្តអយុធ្យា និងនុនថៈបុរី ក៏មានករណីគួរឱ្យកត់សម្គាល់ផ្សេងទៀតដូចជា អគ្គិភ័យឃ្លាំងស្តុកសារធាតុគីមីនៅខេត្ត Rayong អគ្គិភ័យឆាបឆេះសហគមន៍ផ្ទះឈើចាស់ៗ ភ្លើងឆេះព្រៃនៅតំបន់ភ្នំក្នុងខេត្ត Chiang Mai និង Chiang Rai និងហេតុការណ៍ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆេះតូបលក់ដូរនៅតំបន់Khao San បង្កឱ្យភ្ញៀវទេសចររាប់ពាន់នាក់កំពុងលេងទឹកភ័យស្លន់ស្លោរត់ជាន់ជើងគ្នាជាដើម៕

