កម្តៅសង្គ្រាមនៅតាមបណ្ដោយព្រំដែនថៃ-មីយ៉ាន់ម៉ា បានហក់ឡើងដល់ចំណុចកំពូលជាថ្មីម្ដងទៀត បន្ទាប់ពីកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំទៅលើទីតាំងយុទ្ធសាស្ត្ររបស់សហភាពជាតិការ៉ែន KNU ក្នុងគោលបំណងកម្ទេចមូលដ្ឋានបង្អែកនៃរដ្ឋផ្ដាច់ខ្លួនសហព័ន្ធ កធូឡេ Kawthoolei ឱ្យបានមុនរដូវវស្សាមកដល់។

យោងតាមរបាយការណ៍ពីតំបន់ មេស៊ុត ខេត្ត តាក ដែលផ្សាយដោយសារព័ត៌មានថៃនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ យោធាមីយ៉ាន់ម៉ាបានប្រើប្រាស់យុទ្ធសាស្ត្រដុតរំលាយ ដោយដាក់ពង្រាយទាំងកម្លាំងថ្មើរជើង អាវុធធុនធ្ងន់ និងការគាំទ្រពីកម្លាំងអាកាសយ៉ាងសន្ធាប់។ ប្រភពពីផ្ទៃក្នុង KNU បានទម្លាយថា បញ្ជាការដ្ឋានយោធាមីយ៉ាន់ម៉ាបានដាក់បញ្ជាដាច់ខាតឱ្យដណ្ដើមយកតំបន់ Minlapaan និងភូមិសាស្ត្រជុំវិញទីប្រជុំជន Myawaddy ឱ្យខាងតែបាន ដើម្បីសម្រួលដល់ការចល័តទ័ព មុនពេលដែលអាកាសធាតុរដូវវស្សានឹងធ្វើឱ្យដីតំបន់នោះក្លាយជាភក់ជ្រាំ ដែលជាឧបសគ្គដល់គ្រឿងយន្តធុនធ្ងន់។
ទោះបីជាយោធាមីយ៉ាន់ម៉ាបានផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយបញ្ចូលការវាយប្រហារតាមអាកាស និងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬ Drones ដើម្បីទម្លាក់គ្រាប់បែកលើទីតាំងរឹងមាំរបស់ការ៉ែនយ៉ាងណាក៏ដោយ ក៏រហូតមកទល់ពេលនេះ កងកម្លាំង KNU នៅតែអាចរក្សាមូលដ្ឋានរបស់ខ្លួនបានយ៉ាងរឹងមាំ។ ការប្រយុទ្ធគ្នាដែលអូសបន្លាយជាច្រើនខែមកនេះ បានក្លាយជាសង្គ្រាមស៊ីសាច់ហុតឈាមពេញទំហឹង ដែលធ្វើឱ្យកងកម្លាំងរដ្ឋាភិបាលជួបការលំបាកយ៉ាងខ្លាំងក្នុងការបណ្ដេញក្រុមយុទ្ធជនការ៉ែនចេញពីតំបន់ភ្នំ។
ដោយឡែកសកម្មភាពយោធាដ៏ស្រួចស្រាវនៅត្រើយម្ខាងនៃសហគមន៍ព្រំដែនថៃក្នុងខេត្ត តាក កំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់កងទ័ពការពារព្រំដែនថៃ។ ការធ្លាក់គ្រាប់រំសេវ និងផ្សែងសង្គ្រាមដែលភាយមកដល់ទឹកដីថៃ បានបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពជនស៊ីវិល និងលំហូរជនភៀសខ្លួនដែលអាចកើតមានជាថ្មី ប្រសិនបើសន្ទុះនៃវាយប្រហារបំបែកសំបុក Kawthoolei នៅតែបន្តបុកសម្រុកខ្លាំងដូចពេលនេះ។
បច្ចុប្បន្ន ស្ថានការណ៍នៅតែមានភាពមិនច្បាស់លាស់ ខណៈដែលភាគីទាំងពីរនៅតែបន្តពង្រឹងកម្លាំងរៀងៗខ្លួន ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រឈមមុខដាក់គ្នាដែលកាន់តែសាហាវជាងមុន នៅក្នុងតំបន់យុទ្ធសាស្ត្រដាច់ស្រយាលមួយនេះ៕

