សារព័ត៌មានថៃបានចេញផ្សាយនៅថ្ងៃទី ២០ ខែមេសា មុននេះបន្តិចថា ស្ថានភាពនៅតាមបណ្ដោយព្រំដែនថៃ-មីយ៉ាន់ម៉ា បានឈានដល់កម្រិតអាសន្ន បន្ទាប់ពីមានការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរពីសំណាក់កងទ័ពអាកាសមីយ៉ាន់ម៉ា ជាហេតុបង្កឱ្យអាជ្ញាធរថៃចេញបញ្ជាឱ្យជម្លៀសប្រជាពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ជាបន្ទាន់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត។

យោងតាមរបាយការណ៍ផ្លូវការពីស្រុក Sop Moei ខេត្ត Mae Hong Son នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា កងទ័ពអាកាសមីយ៉ាន់ម៉ាបានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ទៅលើតំបន់ U Mi Tha ក្នុងទឹកដីមីយ៉ាន់ម៉ា ដែលស្ថិតនៅកៀកបំផុតនឹងព្រំដែនថៃ។ ភ្លាមៗនោះ លោក Khamphan Mokchaisong អភិបាលស្រុក Sop Moei បានចុះផ្ទាល់ដល់ភូមិ Mae Sam Laeb ដើម្បីដឹកនាំប្រតិបត្តិការសង្គ្រោះ និងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។

អាជ្ញាធរបានបញ្ជាឱ្យមេភូមិប្រកាសអាសន្នដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យផ្លាស់ទីទៅកាន់តំបន់សុវត្ថិភាព។ ក្នុងនោះ ស្ត្រី និងកុមារ ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារតូច Huai Kong Kad ក្រោមការមើលថែពីអង្គការរដ្ឋបាលផ្នែកឃុំ ដែលមានត្រៀមរួចជាស្រេចនូវស្បៀងអាហារ និងទឹកបរិភោគ។ ប្រជាពលរដ្ឋមួយផ្នែកទៀត កំពុងជ្រកកោននៅក្នុងជម្រកសុវត្ថិភាព ក្បែរលំនៅឋានរបស់ពួកគេ ដោយមានការការពារ និងសម្របសម្រួលពីកងអនុសេនាធំទាហានព្រានលេខ ៣៦០៨ និងកម្លាំងនគរបាលមូលដ្ឋាន។

គិតត្រឹមម៉ោង ១១:០០ ព្រឹកថ្ងៃទី ២០ មេសា កម្លាំងចម្រុះរួមមានអភិបាលស្រុក នគរបាល និងថ្នាក់ដឹកនាំរដ្ឋបាលឃុំ Mae Sam Laeb កំពុងឈរជើងនៅក្នុងតំបន់កើតហេតុ ដើម្បីវាយតម្លៃស្ថានការណ៍ និងត្រៀមលក្ខណៈជួយសង្គ្រោះពលរដ្ឋបន្ថែមទៀត ប្រសិនបើសង្គ្រាមតាមអាកាសនៅតែបន្តបុកសម្រុកខ្លាំង។

មជ្ឈដ្ឋានព័ត៌មានកំពុងតាមដានយ៉ាងដិតដល់ចំពោះឥទ្ធិពលនៃជម្លោះយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែននៃប្រទេសជិតខាង៕

Share.