បាត់ដំបង÷ រដ្ឋបាលខេត្តបាត់ដំបងគ្រោងរៀបចំនូវកម្មវិធីរត់ធ្វើលំហាត់ប្រាណដើម្បីក្ដីស្រឡាញ់ក្នុងគោលបំណងកៀរគរថវិការឧបត្ថម្ភដល់វីរ:កងទ័ពជួរមុខការពារភូមិសាស្ត្រខេត្តបាត់ដំបង។
ព្រឹត្តិការណ៍រត់ធ្វើលំហាត់ប្រាណដើម្បីសុខភាព សាមគ្គីភាពរវាងកងកម្លាំងជួរមុខ និងកម្លាំងជួរក្រោយបង្ហាញនូវសេចក្តីស្រឡាញ់ និងការដឹងគុណខាងលើនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៦ ចុងខែមេសា ឆ្នាំ ២០២៦ខាងមុខ។




លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានឱ្យដឹងថា: ការរៀបចំកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ធ្វើឡើងដើម្បីបង្កើននូវស្មារតីសាមគ្គីជាតិចូលរួមគាំជាមួយរាជរដ្ឋាភិបាល និងគាំទ្រដល់វីរកងទ័ពការពារទឹកដី។
ព្រឹត្តិការណ៍ខាងលើថែមទាំងបានជួយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបងកាន់តែច្រើនឡើង ហើយបានជួយផ្សព្វផ្សាយ គាំទ្រដល់ផលិតផលខ្មែរ និងតម្លៃវប្បធម៌ជាតិ លើកកម្ពស់សកម្មភាពកីឡាចូលរួមរត់កម្សាន្តសប្បាយ។ កម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ រត់ដើម្បីទេសចរណ៍ រត់ដើម្បីសប្បុរសធម៌ ធ្វើឡើងដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាព និងប្រាក់ចំណូលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។




ជាមួយគ្នានេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងក៏បានបង្ហាញនូវការគាំទ្រយ៉ាងពេញលេញក្នុងការរៀបចំឱ្យមានកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ដើម្បីកៀរគរថវិកា និងសម្ភារជួយឧបត្ថម្ភដល់កងកម្លាំងជួរមុខ។
កម្មវិធីនេះនឹងមានប្រជាពលរដ្ឋចូលរួមច្រើនប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងសប្បាយរីករាយផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ថែមទៀត។




កម្មវិធីរត់ដើម្បីសប្បុរសធម៌នេះគ្រោងធ្វើនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ខាងមុខនៅក្នុងក្រុងបាត់ដំបង។ រាល់ការចុះឈ្មោះអ្នកចូលរួម នឹងទទួលបានអាវយឺត លេខសម្គាល់ ទឹកសុទ្ធ ឬទឹកផ្លែឈើដោយឥតគិតថ្លៃ៕
អត្ថបទ: ដំបងក្រញូង

