កាលពីវេលាម៉ោង ២០:៣០ នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ មានសេចក្ដីរាយការណ៍អំពីស្ថានភាពទឹកសមុទ្រឡើងខ្ពស់ រហូតហូរជន់ជោរចូលក្នុងតំបន់សហគមន៍ក្នុងខណ្ឌក្លងតើយ ជាពិសេសនៅក្បែរស្ថានីយបូមទឹកព្រះខ្នង ក្នុងសហគមន៍កោះក្លាង (Koh Klang) ដែលជាចំណុចប្រឈមខ្លាំង។ ហេតុការណ៍នេះបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៩ ខ្នងផ្ទះ។

របាយការណ៍បានបញ្ជាក់ថា របាំងការពារទឹកបណ្តោះអាសន្នមិនអាចទប់ទល់នឹងកម្លាំងទឹកឡើងបាន បណ្តាលឱ្យមានការខូចខាត និងបើកផ្លូវឱ្យទឹកហូរចូលតំបន់នោះយ៉ាងលឿន ជាហេតុធ្វើឱ្យទឹកលិចចូលក្នុងផ្ទះសម្បែងប្រជាពលរដ្ឋ បង្កឱ្យទឹករីករាលដាលយ៉ាងគំហុក។

ក្រោយកើតហេតុ នាយកប្រចាំការិយាល័យលេខាធិការដ្ឋានសាលាក្រុងបាងកក ទទួលបន្ទុកតំបន់ខណ្ឌក្លងតើយ រួមជាមួយអនុប្រធានខណ្ឌ និងមន្ត្រីពាក់ព័ន្ធមកពីផ្នែករដ្ឋបាល ផ្នែកយោធា នគរបាលសណ្តាប់ធ្នាប់ (Thetsakit) និងផ្នែកអភិវឌ្ឍន៍សហគមន៍ បានចុះទៅពិនិត្យស្ថានភាពជាបន្ទាន់។

មន្ត្រីជំនាញបានដឹកបាវខ្សាច់ទៅបិទចំណុចដែលទឹកធ្លាយចូល ព្រមទាំងសម្របសម្រួលជាមួយនាយកដ្ឋានលូបង្ហូរទឹក ដើម្បីពង្រឹងរបាំងការពារនៅចំណុចប្រឈមផ្សេងទៀត សំដៅទប់ស្កាត់កុំឱ្យទឹករីករាលដាលទៅកាន់តំបន់ជុំវិញ។ ជាមួយគ្នានេះ អាជ្ញាធរបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាបជាប់ទន្លេចៅពញា ឱ្យតាមដានស្ថានភាពជាបន្តបន្ទាប់ និងប្រញាប់រើអីវ៉ាន់ឡើងទៅទីទួលខ្ពស់ ដើម្បីកាត់បន្ថយការខូចខាតដែលអាចកើតមានបន្ថែមទៀត។
ចំណែកឯអ្នកភូមិបានចេញមកជួយគ្នាយ៉ាងសស្រាក់សស្រាំ ទាំងការដឹកខ្សាច់ ច្រកបាវ និងរៀបរបាំងការពារនៅមុខផ្ទះរៀងៗខ្លួន។

ជាបឋម ស្ថានភាពទឹកនៅតាមចំណុចជាច្រើនបានចាប់ផ្តើមស្រកចុះហើយ ប៉ុន្តែនៅតែត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ជាពិសេសក្នុងអំឡុងពេលទឹកឡើងនៅជុំបន្ទាប់ ដែលអាចធ្វើឱ្យកម្រិតទឹកកើនឡើងម្តងទៀត។ អាជ្ញាធរបានក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅតំបន់ទំនាប និងតាមមាត់ព្រែកព្រះខ្នង ឱ្យតាមដានព័ត៌មានជាប្រចាំ រៀបចំទុកដាក់របស់របរនៅទីខ្ពស់ និងត្រៀមលក្ខណៈទប់ទល់ប្រសិនបើមានទឹកជន់ចូលម្តងទៀត៕

Share.