វ៉ាស៊ីនតោន៖ ស្ថានការណ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់ចំណុចតានតឹងបំផុតឡើងវិញ បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសថា បទឈប់បាញ់បណ្ដោះអាសន្ននឹងត្រូវបញ្ចប់នៅត្រឹម «ល្ងាចថ្ងៃពុធ ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន»។ លោកបានសង្កត់ធ្ងន់ថា វា «ហាក់ដូចជាមិនអាចទៅរួចទេ» ដែលលោកនឹងយល់ព្រមបន្តពន្យារពេលបទឈប់បាញ់នេះ ប្រសិនបើភាគីទាំង២ មិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយ។

ក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយទីភ្នាក់ងារព័ត៌មាន Bloomberg លោក ត្រាំ បានមានប្រសាសន៍ថា៖ «វាហាក់ដូចជាមិនអាចទៅរួចទេដែលខ្ញុំនឹងបន្តវា (បទឈប់បាញ់)»។ គួររំលឹកថា បទឈប់បាញ់នេះដំបូងឡើយត្រូវបានកំណត់ឱ្យមានរយៈពេល ២សប្តាហ៍ ដោយបានចាប់ផ្តើមតាំងពីល្ងាចថ្ងៃទី៧ ខែមេសា កន្លងទៅ។
លោកប្រធានាធិបតីបានសង្កត់ធ្ងន់ពីជំហររបស់លោកថា៖ «ខ្ញុំនឹងមិនបង្ខំចិត្តធ្វើឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងដ៏អាក្រក់ណាមួយឡើយ។ យើងមានពេលវេលាច្រើនណាស់សម្រាប់រឿងនេះ»។

នៅពេលត្រូវបានសួរថា តើលោកជឿថាការប្រយុទ្ធគ្នានឹងផ្ទុះឡើងវិញភ្លាមៗដែរឬទេ ប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបាន លោក ត្រាំ បានឆ្លើយតបថា៖ «បើគ្មានកិច្ចព្រមព្រៀងទេ ខ្ញុំប្រាកដជារំពឹងទុកថាវានឹងកើតឡើងហើយ»។
កន្លងមក លោក ត្រាំ ហាក់មានជំហរមិនច្បាស់លាស់ជុំវិញការបន្តបទឈប់បាញ់នេះ។ ជាក់ស្តែង នៅក្នុងសន្និសីទកាសែតមួយកាលពីសប្តាហ៍មុន នៅពេលដែលក្រុមអ្នកកាសែតសួរដដែលៗចំនួន ៥ដងថា តើលោកនឹងបន្តបទឈប់បាញ់ឬទេ លោកបានផ្ដល់ចម្លើយខុសៗគ្នាដល់ទៅ ៣បែប។
ស្របពេលដែលការចរចាកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ កងទ័ពជើងទឹកអាមេរិកបាននិងកំពុងបន្តយុទ្ធនាការឡោមព័ទ្ធ និងបិទផ្លូវទឹកសំខាន់ៗនៅ ច្រកសមុទ្រ Hormuz។ សកម្មភាពនេះនឹងបន្តធ្វើឡើងរហូតទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការ។

យោងតាមប្រភពព័ត៌មានយោធា កងទ័ពអាមេរិកទើបតែបានស្ទាក់ចាប់នាវាដឹកទំនិញរបស់អ៊ីរ៉ង់មួយគ្រឿង ដែលព្យាយាមបើកកាត់តំបន់ហាមឃាត់។ ហេតុការណ៍នេះបានធ្វើឱ្យទីក្រុងតេហេរ៉ង់សម្តែងការខឹងសម្បារយ៉ាងខ្លាំង ដោយចោទប្រកាន់ថា អាមេរិកកំពុងរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។ ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ នៅតែរក្សាជំហររឹងមាំ និងព្រមានថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការចាត់វិធានការតឹងរ៉ឹងបន្ថែមទៀត ប្រសិនបើអ៊ីរ៉ង់នៅតែបន្តផ្គើន។
មជ្ឈដ្ឋានអន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះឱសានវាទនៅថ្ងៃពុធនេះ ខណៈដែលពិភពលោកបារម្ភថា សង្គ្រាមទ្រង់ទ្រាយធំអាចនឹងផ្ទុះឡើងវិញនៅតំបន់មជ្ឈិមបូព៌ា ប្រសិនបើភាគីទាំងពីរមិនអាចរកចំណុចរួមឃើញនៅនាទីចុងក្រោយ៕

