បាត់ដំបង៖ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងស្រាវជ្រាវករណីមានសេចក្តីរាយការណ៍ថា មានត្រីពុលងាប់ក្នុងព្រែកត្រែង ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។




ការចុះពិនិត្យបានធ្វើឡើងបន្ទាប់ពីមានព័ត៌មានរាយការណ៍ពីអ្នកសារព័ត៌មានថា មានករណីត្រីងាប់ និងសង្ស័យបំពុលទឹកនៅទីតាំងខាងលើ។
ក្រុមការងារជំនាញបានត្រួតពិនិត្យប្រព័ន្ធបង្ហូរទឹកកខ្វក់ ស្វែងរកប្រភពបញ្ចេញសំណល់រាវ និងទីតាំងសង្ស័យដែលអាចប៉ះពាល់ដល់គុណភាពទឹក។




នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារបន្តស្រាវជ្រាវ និងបានរកឃើញសំណាកត្រីងាប់មួយចំនួន នៅចំណុចទឹកមានក្លិនស្អុយ ក្នុងព្រែកត្រែង ដែលស្ថិតនៅចម្ងាយប្រមាណ ៦០០ម៉ែត្រ ខាងក្រោមរោងចក្រកែច្នៃស្វាយចំនួន២កន្លែង។
ទោះជាយ៉ាងណា មន្ត្រីជំនាញពិនិត្យជាក់ស្តែងមិនទាន់រកឃើញសញ្ញាលេចធ្លាយ ឬបញ្ចេញសំណល់រាវចូលព្រែកនៅឡើយទេ ដោយរោងចក្រទាំងពីរមានអាងប្រព្រឹត្តិកម្មទឹកតាមលក្ខណៈបច្ចេកទេស ហើយទឹកដែលបញ្ចេញមកក្រៅមានពណ៌ថ្លា និងមិនមានក្លិនស្អុយ។




ជាមួយគ្នានេះ សំណាកទឹកចំនួន៥ទីតាំង ត្រូវបានយកទៅវិភាគនៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ដើម្បីរកមូលហេតុពិតប្រាកដ។ អាជ្ញាធរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋផ្អាកប្រើប្រាស់ទឹកព្រែកត្រែងជាបណ្តោះអាសន្ន និងកុំយកត្រីងាប់ទៅបរិភោគ។
ក្រសួងបរិស្ថានបញ្ជាក់ថា នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះរោងចក្រ ឬក្រុមហ៊ុនណា ដែលបង្កការបំពុលទឹកសាធារណៈ៕
អត្ថបទ៖ ចតុម្មុខ

