កំពង់ស្ពឺ៖​ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ កំពុងបន្តស្រាវជ្រាវករណីជនជាតិចិនប្រតាយប្រតប់គ្នា នៅលើរថយន្តមួយគ្រឿង បង្កការភ្ញាក់ផ្អើលនៅចំណុចបញ្ជរបង់ប្រាក់ផ្លូវល្បឿនលឿន កំពង់ស្ពឺខាងកើត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២៣:២៨នាទី យប់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិរំលោង ឃុំវល្ល៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមព័ត៌មានពីសមត្ថកិច្ច រថយន្តពាក់ព័ន្ធម៉ាក Toyota Alphard ពណ៌ស ស្លាកលេខ ភ្នំពេញ 2BY-8075 មានមនុស្សជិះប្រហែល ៣ ទៅ ៤នាក់ ក្នុងនោះមានជនជាតិខ្មែរជាអ្នកបើកបរ និងជនជាតិចិនជាអ្នកដំណើរ។

តាមរយៈកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា រថយន្តនេះបានចេញពីខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន មកដល់បញ្ជរបង់ប្រាក់កំពង់ស្ពឺ។ ខណៈពេលកំពុងបង់ប្រាក់ មានការវាយប្រតាយប្រតប់គ្នានៅក្នុងរថយន្ត បន្ទាប់មករថយន្តបានបុកបារ៉ាស ហើយឈប់នៅខាងក្រៅ។

បន្ទាប់ពីនោះ ជនជាតិចិនម្នាក់បានលោតចេញពីរថយន្ត រត់គេចទៅទិសខាងកើត ខណៈបុរស ៣នាក់ទៀតបានរត់ដេញតាម មួយសន្ទុះក្រោយមកបានត្រឡប់មកឡើងជិះរថយន្តមួយគ្រឿងទៀត ម៉ាក Toyota Alphard ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2CC-8785 រត់គេចតាមផ្លូវជាតិលេខ៤ បាត់ស្រមោល។

បច្ចុប្បន្ន សមត្ថកិច្ចបានយករថយន្តពាក់ព័ន្ធ ទៅរក្សាទុក និងកំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុ និងតាមចាប់ខ្លួនជនពាក់ព័ន្ធ។

អត្ថបទ៖ ចតុម្មុខ

Share.