ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន បក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងទូទាំងប្រទេសកម្ពុជា។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ តំបន់មួយចំនួននៅកម្ពុជា អាចមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សម្រាប់តំបន់ទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា ចន្លោះពី ២៤ ដល់ ២៦ អង្សាសេ ខណៈអតិបរមា ពី ៣៤ ដល់ ៣៦ អង្សាសេ។

តំបន់ខ្ពង់រាប និងតំបន់ភ្នំ សីតុណ្ហភាពអប្បបរមា ពី ២៣ ដល់ ២៥ អង្សាសេ និងអតិបរមា ពី ៣២ ដល់ ៣៤ អង្សាសេ ដោយអាចមានភ្លៀងជាបន្តបន្ទាប់។

ដោយឡែក តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា ពី ២៤ ដល់ ២៦ អង្សាសេ និងអតិបរមា ពី ៣១ ដល់ ៣៣ អង្សាសេ ហើយអាចមានរលកសមុទ្រខ្ពស់មធ្យម។

ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំង ដែលអាចកើតមានជាយថាហេតុផងដែរ។

Share.