ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានសម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីបាញ់សម្លាប់ស្ត្រីម្នាក់ នៅហាងអ៊ុតសក់មួយកន្លែង ក្នុងតំបន់ផ្សារទួលពង្រ ខណ្ឌពោធិ៍សែនជ័យ។


ជនត្រូវចោទឈ្មោះ ធួក ជី ហៅអាជី ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២០០ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។


តាមសមត្ថកិច្ច ករណីនេះបានកើតឡើងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅហាងអ៊ុតសក់មួយកន្លែង ស្ថិតក្នុងផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយជនសង្ស័យបានចូលបាញ់សម្លាប់ជនរងគ្រោះឈ្មោះ ជុន តឿ ភេទស្រី អាយុ២២ឆ្នាំ មុនពេលរត់គេចខ្លួន។


ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចខេត្តកំពង់ចាម បើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅចំណុចព្រៃមួយកន្លែង ក្នុងភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។


បច្ចុប្បន្ន ជនត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

អត្ថបទ÷តុលាការ

Share.