បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យជនជាតិវៀតណាមចំនួន ៦នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបទល្មើសគ្រឿងញៀន។


ករណីនេះកើតឡើងនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦ នៅក្រុងប៉ោយប៉ែត បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្តឹងថា ត្រូវបានក្រុមជនសង្ស័យប្រើហិង្សា។ ក្រោយទទួលពាក្យបណ្តឹង កម្លាំងជំនាញបានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៦នាក់ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងផ្ទះល្វែងមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត។



ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន អាវុធ (កាំបិតបត់) សារធាតុសង្ស័យជាគ្រឿងញៀនជាច្រើនប្រភេទ ឧបករណ៍វេចខ្ចប់ និងឧបករណ៍ពាក់ព័ន្ធនឹងការជួញដូរ។ តាមការសួរនាំ ជនសង្ស័យបានសារភាពថា ពិតជាបានប្រើហិង្សាលើជនរងគ្រោះ និងពាក់ព័ន្ធនឹងការរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។
បច្ចុប្បន្ន ជនសង្ស័យទាំង ៦នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមច្បាប់។
អត្ថបទ៖ ចតុម្មុខ
