ឈុនបុរី៖ ឆ្នាំនេះកេរ្តិ៍ឈ្មោះរបស់ថៃ ក្រោយចូលឆ្នាំថ្មី ដូចជាកាន់តែអសោចលើសដើម ព្រោះតែបញ្ហាអសន្តិសុខកើតមានកាន់តែច្រើនលើភ្ញៀវទេសចរណ៍ រហូតឈានដល់កម្រិតព្រមានពណ៌ក្រហម សម្រាប់អ្នកដែលគិតចង់ទៅដើរលេងកម្សាន្តនៅក្នុងប្រទេសនេះ ព្រោះតែដំណឹងនៃអំពើហិង្សា និងអំពើឆបោកលើភ្ញៀវទេសចរណ៍បរទេស កើនឡើងករណីគួរឱ្យកត់សម្គាល់។

ថ្មីនេះៗ មានករណីចោរកម្មរង្គើទីក្រុងមួយកំពុងតែផ្ទុះល្បីល្បាញខ្លាំងដោយសារតែមេចោរ មិនមែនជាអ្នកក្រៅនោះឡើយ ប៉ុន្តែជាបុគ្គលិកផ្នែកបច្ចេកទេសម្នាក់របស់សណ្ឋាគារប្រណិតលំដាប់ ហាយក្លាស ក្នុងខេត្តឈុនបុរី បានប្រើប្រាស់តួនាទីរបស់ខ្លួន ចូលលួចនិងប្រមូលទ្រព្យសម្បត្តិមានដូចជាលុយកាក់ និងគ្រឿងអលង្ការរបស់ភ្ញៀវអស់គ្មានសល់។

ករណីខាងលើនេះផ្ទុះល្បីនិងមានការចែកចាយគ្នាលើបណ្ដាញសង្គម កាលពីថ្ងៃទី២០ ខែមេសា ក្រោយកម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Mack អាយុ ៣៥ឆ្នាំ បន្ទាប់ពីជននេះបានប្រើល្បិចបោកបញ្ឆោតមិត្តភក្តិរួមការងារ ដើម្បីខ្ចីកាតមេសោរ ឬ Master Keycard ដែលអាចបើកទ្វារបានគ្រប់បន្ទប់ទាំងអស់ក្នុងសណ្ឋាគារ ដោយកុហកថា ខ្លួនភ្លេចសម្ភារៈជួសជុលនៅក្នុងបន្ទប់ភ្ញៀវ។ ប៉ុន្តែធាតុពិត ជននេះបានលួចចូលបន្ទប់ស្រ្តីរងគ្រោះឈ្មោះ Laddawan អាយុ ៤២ឆ្នាំ នៅពេលដែលនាងមិនបាននៅក្នុងបន្ទប់ ដើម្បីប្រមូលយកកាបូបក្រវ៉ាត់ចង្កេះ ដែលមានផ្ទុកលុយកាក់ និងគ្រឿងអលង្កាសរុបជាង ៥០០,០០០បាត (ស្មើប្រហែល ១៣,៥០០ ដុល្លារ)។

តាមសមត្ថកិច្ចបានប្រាប់ថា ទ្រព្យសម្បត្តិភ្ញៀ់វដែលបានបាត់មានដូចជា៖ សាច់ប្រាក់សុទ្ធចំនួន ១១៦,០០០បាត, ខ្សែកមាស និងខ្សែដៃមាសតម្លៃរាប់ម៉ឺនបាត ចំនួន ៣ខ្សែ, ចិញ្ចៀនមាស ១ វង់, ព្រះអង្គបណ្តោងមាស តម្លៃជាង ២២០,០០០បាត ព្រមទាំងឆ្នោតឡូតូដែលជនរងគ្រោះទើបនឹងទិញផងដែរ។

អ្វីដែលជារឿងគួរឱ្យហួសចិត្តបំផុតនោះគឺ «សុវត្ថិភាពភ្ញៀវ» ដែលសណ្ឋាគារតែងតែអះអាងធានាសុវត្ថិភាព បែរជាត្រូវបានបំផ្លាញដោយសារតែការគ្រប់គ្រង «កាតមេ» យ៉ាងធូររលុងបំផុត ដោយសារជនសង្ស័យអាចយកកាតមេទៅប្រើប្រាស់បានយ៉ាងងាយ តាមរយៈការភូតកុហកធម្មតាៗ។

យ៉ាងណាម៉ិញ ក្រោយការស៊ើបអង្កេត ជនសង្ស័យបានសារភាពកំហុស ហើយសមត្ថកិច្ចបានរកឃើញវត្ថុតាងទាំងអស់នៅកន្លែងស្នាក់នៅរបស់គេផងដែរ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួននៅប៉ុស្តិ៍នគរបាលណាចុមធៀន និងត្រូវបានចោទប្រកាន់ពីបទ «ចោរកម្ម» ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០០,០០០បាត។

នេះមិនមែនជាលើកទី១ទេ ករណីស្រដៀងគ្នានេះក៏ទើបតែបានកើតឡើងនៅភូកេតផងដែរ ដែលប្រធានផ្នែកសន្តិសុខសណ្ឋាគារម្នាក់ បានព្យាយាមប្រើកាតមេសោរ លួចចូលបន្ទប់ស្នាក់នៅរបស់ DJ ស្រីម្នាក់នៅពេល យប់ អាធ្រាត្រ។

ហេតុការណ៍ទាំងនេះ បានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ថៃ ដែលនេះ គឺជាចំណុចខ្វះខាតផ្នែកសីលធម៌បុគ្គលិក និងការគ្រប់គ្រងផ្ទៃក្នុងរបស់សណ្ឋាគារ ដែលត្រូវតែមានការរឹតបន្តឹង និងទទួលខុសត្រូវខ្ពស់ជាងនេះ៕

ប្រភព៖ The Thaiger

Share.