វិបត្តិខ្យល់ពុល គ្របដណ្ដប់លើខ្យល់អាកាសក្នុងប្រទេសថៃជាងពាក់កណ្ដាលប្រទេស កំពុងបង្កបញ្ហាសុខភាពផ្នែកផ្លូវដង្ហើមដល់ប្រជាជនថៃ ពិសេសកុមារតូចៗ ដែលប្រព័ន្ធភាពស៊ាំមិនសូវរឹងមាំ ប៉ុន្តែរដ្ឋាភិបាលប្រទេសនេះ មិនមានសមត្ថភាពដោះស្រាយបញ្ហាដ៏រសើបនេះបានភ្លាមៗនោះឡើយ។

បច្ចុប្បន្នខណៈដែលសីតុណ្ហភាពក្នុងខែមេសា នៃរដូវប្រាំង កំពុងហក់ឡើងកម្ដៅខ្លាំង វិបត្តិខ្យល់ពុល PM2.5 នៅក្នុងប្រទេសថៃ ក៏កាន់តែរីករាលដាលគ្របដណ្ដប់លើបណ្ដាខេត្តជាង ៤០ ក្នុងប្រទេសនេះ ដែលស្មើនឹងជាងពាក់កណ្ដាលនៃផ្ទៃប្រទេសទាំងមូល។ នេះមិនមែនគ្រាន់តែជាបញ្ហាបរិស្ថានតាមរដូវកាលទៀតនោះទេ ប៉ុន្តែបញ្ហានេះ បានក្លាយជាឃាតករលាក់មុខដែលកំពុងកាត់បន្ថយអាយុជីវិតរបស់ប្រជាពលរដ្ឋថៃ និងភ្ញៀវទេសចរអន្តជាតិជាច្រើននាក់ដែលរស់នៅក្នុងប្រទេសថៃយ៉ាងស្ងៀមស្ងាត់បំផុត។

ពាក់ព័ន្ធនឹងបញ្ហាដែលត្រូវបានគេមើលឃើញថាជាបញ្ហាហើយ តែបែរជាមិនអាចរកច្រកដោះស្រាយបាននេះ ត្រូវបានសារព័ត៌មានថៃដកស្រង់សម្ដីរបស់លោក យុតឆៈណាន់ វង់សាវ៉ាត់ (Yodchanan Wongsawat) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ មកពីគណបក្សផឿថៃ ស្ដីពីកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញបច្ចេកវិទ្យាបន្ទប់សុវត្ថិភាពពីខ្យល់ពុល ប៉ុន្តែវិធានការទាំងនេះហាក់ដូចជាគ្រាន់តែជាការដោះស្រាយដែលនៅតែត្រឹមចុងបបូរមាត់តែប៉ុណ្ណោះ ព្រោះធាតុពិតមិនមានលទ្ធផលគាប់ប្រសើរទាល់តែសោះ។

បើគេចាំមិនខុសទេ តាំងពីជំនាន់ដែលនាយកណ្ដុរ អនុទីន ឆានវីរៈកុល នៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល រហូតមកដល់ជំនាន់ជានាយរដ្ឋមន្ត្រី២.០នេះ កញ្ចប់ថវិកាបន្ទាន់ដែលត្រូវបានបង្វែរមកប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាសុខមាភាពសាធារណៈនាពេរយៈលវែងហាក់នៅមានគម្លាតឆ្ងាយពីការជួយសង្គ្រោះសួតរបស់ប្រជាជនដែលកំពុងដកដង្ហើមក្នុងផ្សែងពុលជារៀងរាល់ថ្ងៃ។

រដ្ឋមន្ត្រីចាំផ្ទះ ដែលប្រើគ្រប់មធ្យោបាយដើម្បីអាចផ្លោះមកអង្គុយកៅអីនាយករដ្ឋមន្ត្រីដូចសព្វថ្ងៃនេះ មិនសូវឱ្យតម្លៃលើសុខុមាលភាពពលរដ្ឋឡើយ តែប្រឹងតាមទ្រក្រុមអភិរក្សនិយម និងក្រុមទ័ព ដោយបានចុះហត្ថលេខាលើការចំណាយសព្វាវុធដោយមិនញញើតដៃ តែបែរជាស្ទាក់ស្ទើនៅពេលនិយាយដល់ បញ្ហាសេដ្ឋកិច្ច បញ្ហាបរិស្ថាន កញ្ចប់សង្គ្រោះបន្ទាន់គ្រោះមហន្តរាយ និងសុខភាពប្រជាពលរដ្ឋ។

អ្វីដែលធ្វើឱ្យប្រជាជនថៃ ព្រួយបារម្ភបំផុតនោះគឺ រដ្ឋាភិបាលថៃហាក់មិនទាន់មានវិធានការកណ្ដាប់ដៃដែកក្នុងការលុបបំបាត់ប្រភពដើមនៃបញ្ហានោះឡើយទេ។ ការដុតកាកសំណល់កសិកម្ម ការបញ្ចេញផ្សែងពីវិស័យឧស្សាហកម្ម និងយានយន្ត នៅតែបន្តកើតមានដោយគ្មានការត្រួតពិនិត្យតឹងរ៉ឹង។ ចំណែកឯបញ្ហាភ្លើងឆេះព្រៃនៅតំបន់ភ្នំដូចជាខេត្ត ឈៀងម៉ៃ និងឈៀងរ៉ៃ ហាក់នៅជាប់គាំងក្នុងភាពទាល់ច្រក ហើយបណ្ដោយឱ្យបញ្ហាកើតឡើងដដែលជាដដែល។

ការដោះស្រាយតាមបែបសន្យាខ្យល់នេះ មានដូចជាលើកឡើងពីការផលិតម៉ាស៊ីនចម្រោះខ្យល់តម្លៃថោក តែរដ្ឋាភិបាលថៃមិនអាចទប់ទល់នឹងមហាវិបត្តិដែលឆាបឆេះពាសពេញតំបន់ភាគខាងជើង ភាគកណ្ដាល និងភាគឦសានបានភ្លាមៗនោះទេ។ ខ្យល់ពុល PM2.5 ដែលលើសកម្រិតស្តង់ដារ គឺជាការកាត់ទោសប្រហារជីវិតលើសុខភាពសាធារណៈរបស់ពលរដ្ឋថៃ ខណៈដែលរដ្ឋាភិបាលកំពុងបិទភ្នែកដកដង្ហើមស្រួលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។ ការកើនឡើងនៃជំងឺមហារីកសួត ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងបញ្ហាបេះដូង កំពុងក្លាយជាបន្ទុកសង្គមដ៏ធ្ងន់ធ្ងរ។

ប្រសិនបើរដ្ឋាភិបាលនៅតែបន្តការដោះស្រាយតាមបែបប្រព័ន្ធផ្សព្វផ្សាយ ឬការរង់ចាំការវិភាគទិន្នន័យដោយមិនមានសកម្មភាពបង្ក្រាបបទល្មើសបរិស្ថានឱ្យមានប្រសិទ្ធភាពទេនោះ អាយុជីវិតរបស់ប្រជាជនថៃនឹងកាន់តែខ្លីទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។

សូមជម្រាបថា វិបត្តិខ្យល់ពុលនៅក្នុងប្រទេសថៃនាពេលនេះ បើគ្មានវិធានការដាច់ខាតលើការហាមឃាត់ការដុតក្នុងវិស័យកសិកម្ម និងការផ្លាស់ប្តូរមកប្រើប្រាស់ថាមពលស្អាតដោយបង្ខំនោះទេនោះ វិបត្តិ PM2.5 នឹងនៅតែជាទណ្ឌកម្ម និងជាបណ្តាសាឆ្នាំថ្មី ដែលបំផ្លាញសុខភាពរបស់ពលរដ្ឋថៃតទៅទៀតយ៉ាងចៀសមិនរួចឡើយ៕

Share.