បណ្ដាញផ្សព្វផ្សាយ ពិសេសសារព័ត៌មានធំៗរបស់ថៃ កាលពីពេលថ្មីៗនេះបានចេញផ្សាយប្រធានបទស្ដីពីកំណើនសេដ្ឋកិច្ចក្នុងបណ្ដាប្រទេសអាស៊ាន ប៉ុន្តែអ្វីដែលធ្វើឱ្យ អ្នកសារព័ត៌មាន និងប្រជាជនថៃភ្ញាក់ស្មារតី ដូចស្វាងស្រវឹងកញ្ឆា ដោយសារលទ្ធផលនៃកំណើនសេដ្ឋកិច្ចខ្លួន តិចជាងគេ ហើយអ្វីដែលកាន់តែធ្វើឱ្យភាគីថៃ កាន់តែស្វាងចែសនោះ ក៏ព្រោះតែរបាយការណ៍ចុងក្រោយពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញតួលេខច្បាស់ៗពីភាពខុសគ្នាដាច់ស្រឡះហៅលែងឮតែម្ដង។

ទីក្រុងបាងកកដែលកន្លងមកធ្លាប់តែមានអំនួត ស្រាប់តែភ្ញាប់ខ្លួនដូចគេកន្ត្រាក់ពីដំណេក ព្រោះសេដ្ឋកិច្ចខ្លួនកំពុងតែដាំក្បាលចុះស្ថិតនៅបាតតារាងក្នុងចំណោមបណ្ដាសមាជិកអាស៊ាន ប៉ុន្តែកម្ពុជាឯណេះវិញ កំពុងឈរនៅកំពូលតារាងយ៉ាងរឹងមាំជាមួយនឹងកំណើនសេដ្ឋកិច្ចជិត ៦%។
យោងតាមទិន្នន័យព្យាករណ៍របស់ IMF កម្ពុជាបានក្លាយជាជើងឯកសេដ្ឋកិច្ចក្នុងតំបន់ ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់ ៥,៨%ដែលជាតួលេខខ្ពស់ជាងគេបំផុត បើធៀបនឹងប្រទេសជិតខាង។ ផ្ទុយទៅវិញ ប្រទេសថៃកំពុងដេកដួលនៅបាតតារាងអាស៊ាន ដោយមានកំណើនត្រឹមតែ ១,៥% ទៅ ១,៦% ប៉ុណ្ណោះ។ សន្ទុះដែលកម្ពុជាមានគឺលើសថៃជិត ៤ ដង ដែលនេះគឺជាសញ្ញាបង្ហាញថា កម្ពុជាកំពុងរត់ទៅមុខលឿនស្លេវ រហូតដល់ថៃតាមលែងទាន់ និងហៅលែងឮ។
តាមការវិភាគស៊ីជម្រៅរបស់សារព័ត៌មានសេដ្ឋកិច្ចក្នុងប្រទេសថៃបានបញ្ជាក់ថា ថៃកំពុងញាំញីដោយបញ្ហាសេដ្ឋកិច្ចធំៗចំនួន ៦ ដែលធ្វើឱ្យពួកគេបាត់បង់ម្ចាស់ការលើខ្លួនឯង៖
១.សក្តានុពលកំណើនធ្លាក់ចុះ នោះមកពីថៃលែងមានសមត្ថភាពបង្កើនល្បឿនសេដ្ឋកិច្ចដូចមុន។
២.អត្រាផលិតភាពទាប ដោយការខ្វះខាតការវិនិយោគលើនវានុវត្តន៍ កម្លាំងពលកម្ម និងបច្ចេកវិទ្យាថ្មីៗ។
៣.បំណុលគ្រួសារខ្ពស់ ដែលសូចនាករគួរឱ្យភ័យខ្លាចគឺបំណុលគ្រួសារកើនឡើងជិត ៩០% នៃ GDP។
៤.ការពឹងផ្អែកខាងក្រៅខ្លាំងពេក ធ្វើឱ្យថៃទទួលរងភាពងាយរងគ្រោះដោយសារផ្ដេកផ្ដួលតែលើការនាំចេញ និងទេសចរណ៍។
៥.កម្រិតថវិកាជាតិមានកម្រិត ដោយសាររដ្ឋាភិបាលខ្វះលទ្ធភាពផ្នែកហិរញ្ញវត្ថុក្នុងការស្រោចស្រង់សេដ្ឋកិច្ច។
៦.រចនាសម្ព័ន្ធសេដ្ឋកិច្ចហួសសម័យ ដែលមិនអាចបត់បែនតាមការប្រែប្រួលនៃពិភពលោកបានទាន់ពេល។

ជាការកត់សម្គាល់ ចំណុចស្លាប់រស់ដែលធ្វើឱ្យសេដ្ឋកិច្ចថៃដួលខ្លាំងត្រឹមរយៈពេលមិនដល់១ឆ្នាំផងនោះ គឺមេរៀននៃសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរ។ ប្រវត្តិសាស្ត្រថ្មីបានចារទុកថា នៅពេលមានជម្លោះប្រដាប់អាវុធតាមព្រំដែន និងការប្រើឥទ្ធិពលកម្លាំងយោធារបស់ថៃដើម្បីគាបសង្កត់តាមរយៈការបិទច្រកព្រំដែនដោយឯកតោភាគីនោះ យុទ្ធសាស្ត្រនេះបានត្រឡប់ទៅវាយបកសំពងក្បាលថៃវិញយ៉ាងដំណំ។
កម្លាំងសាមគ្គីរបស់កូនខ្មែរតាមរយៈការពហិកាទំនិញថៃ បានក្លាយជាអាវុធសេដ្ឋកិច្ចដ៏មុតស្រួច ដែលធ្វើឱ្យទីផ្សារនាំចេញរបស់ថៃត្រូវស្ពឹកជើងដើរទៅមុខមិនរួច ខណៈកម្ពុជាវិញបានឆ្លៀតឱកាសនេះពង្រឹងផលិតផលក្នុងស្រុក និងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ ដែលមានភាពស្មោះត្រង់ និងផ្ដល់តម្លៃក្នុងភាពជាអ្នកមានលុយបញ្ជាទិញទំនិញទៅប្រើប្រាស់ មិនមែនមានលុយហើយត្រូវគេប្រមាថជាអ្នកទៅសុំទានទំនិញគេទៀតនោះឡើយ។
អ្វីដែលអ្នកសេដកិច្ចមើលឃើញ ការដែលថៃព្យាយាមប្រើច្រកព្រំដែនជាចំណាប់ខ្មាំង ដើម្បីគាបសង្កត់លើកម្ពុជានៅក្នុងតុចរចា គឺជាកំហុសយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរ ដែលធ្វើឱ្យថៃខាតបង់ប្រយោជន៍មហាសាល ព្រោះការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាង ខ្មែរ – ថៃ ភាគីថៃគឺជាចំណេញ ព្រោះមានផលិតផលនាំចេញមកកាន់ទីផ្សារកម្ពុជាច្រើនលើសលប់។ យ៉ាងណាមិញ ថៃ ខ្លួនឯង បែរជាព្យាយាមជំរុញរុញច្រានឱ្យកម្ពុជាចាកចេញពីការពឹងផ្អែកលើថៃយ៉ាងឆាប់រហ័ស ហើយងាកទៅពង្រឹង និងគាំទ្រផលិតផលក្នុងស្រុករបស់ខ្លួនយ៉ាងផុសផុលទៅវិញ។

ជារួមមកវិញ តាមរយៈរបាយការណ៍ស្ថិតិពី IMF និងតថភាពនៃសាមគ្គីភាពជាតិខ្មែរ បានសបញ្ជាក់យ៉ាងច្បាស់ថា គ្រប់យ៉ាងមិនត្រឹមតែជាតួលេខ ឬព្រឹត្តិការណ៍ដែលកើតឡើងចៃដន្យនោះទេ ប៉ុន្តែវាគឺជាសក្ខីភាពដែលបង្ហាញថា ខ្មែររួបរួមសាមគ្គី ប្រែថាខ្មែរខ្លាំង ហើយយើងទាំងអស់គ្នាបាននិងកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវបំផុត។ បទពិសោធន៍នេះ បានព្រមានថៃត្រូវចងចាំឱ្យច្បាស់ថា អ្នកជិតខាងដែលខ្លួនធ្លាប់តែប្រមាថនិងមើលរំលង កំពុងកសាងនិងពង្រឹងខ្លួនបានកាន់តែរឹងមាំ ហើយកាន់តែពិសេសទៀតនោះ អ្នកជិតខាងម្នាក់នេះមានអាចអត់ទ្រាំជ្រមុជទឹកបានយូរជាង ព្រោះមានដង្ហើមវែងជាង អាចអត់ធ្មត់ និងទ្រាំទ្រនឹងការលំបាកបានយូរជាង ថែមទាំងមានស្មារតីស្នេហាជាតិវេញជាធ្លុងមួយ ដើម្បីជម្នះរាល់ការឈ្លានពានពីបរទេស៕

