ផ្អែកតាមសារព័ត៌មាន The Nation Thailand នាពេលថ្មីៗបានឱ្យដឹងថា ភាពតានតឹងនៅតាមបន្ទាត់ព្រំដែនថៃ-មីយ៉ាន់ម៉ា បានឈានដល់ចំណុចរបត់ថ្មីមួយទៀត បន្ទាប់ពីប្រតិបត្តិការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា បានបង្កឱ្យមានគ្រាប់បែកធ្លាក់ចូលមកក្នុងទឹកដីថៃ ដែលបង្ខំឱ្យរដ្ឋាភិបាលទីក្រុងបាងកកត្រូវតែត្រៀមប្រើប្រាស់វិធានការការទូតយ៉ាងមុតស្រួចដើម្បីឆ្លើយតប។

របាយការណ៍សារព័ត៌មានថៃបានផ្សាយថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កងទ័ពអាកាសមីយ៉ាន់ម៉ាបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ Yak-130 និង MiG-29 ដើម្បីបើកការវាយប្រហារយ៉ាងសាហាវលើមន្ទីរពេទ្យ និងសហគមន៍របស់សហភាពជាតិការ៉ែន (KNU)។ ក្នុងប្រតិបត្តិការនោះ គ្រាប់បែកយ៉ាងតិច ៩ គ្រាប់ត្រូវបានទម្លាក់ ដែលក្នុងនោះមានគ្រាប់បែកមួយគ្រាប់បានហោះឆ្លងចូលមកធ្លាក់ក្នុងទឹកដីថៃ នៅក្បែរទន្លេសាលវីន ក្នុងស្រុក Sop Moei ខេត្ត Mae Hong Son បង្កឱ្យមានការភ័យស្លន់ស្លោដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង។
ភ្លាមៗបន្ទាប់ពីកើតហេតុ កងវរសេនាធំទាហានព្រានលេខ ៣៦ របស់ថៃ បានសហការជាមួយរដ្ឋបាលមូលដ្ឋាន ចាត់វិធានការជម្លៀសប្រជាពលរដ្ឋថៃចេញពីតំបន់គ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់។ ជាមួយគ្នានេះ ជនភៀសខ្លួន និងអ្នករងរបួសដោយអំបែងគ្រាប់បែកជាច្រើននាក់ ត្រូវបានបញ្ជូនឆ្លងដែនមកព្យាបាលនៅមន្ទីរពេទ្យក្នុងទឹកដីថៃ ខណៈដែលសូរសំឡេងផ្ទុះនៅតែបន្តឮសូររហូតមកដល់ព្រឹកថ្ងៃទី២១ ខែមេសានេះ។
យោងតាមប្រភពពីមន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខ រដ្ឋាភិបាលថៃកំពុងរៀបចំសេចក្តីព្រាងកំណត់ទូតតវ៉ា ដើម្បីផ្ញើទៅកាន់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា (SAC)។ ខ្លឹមសារនៃកំណត់ទូតនេះ នឹងផ្ដោតសំខាន់លើការរំលោភបំពានដែនអធិបតេយ្យភាព និងការទាមទារឱ្យមានការធានាថានឹងមិនឱ្យមានព្រឹត្តិការណ៍បែបនេះកើតឡើងជាថ្មីទៀតឡើយ។ ព្រឹត្តិការណ៍ត្រូវបានគេយល់ថា នេះគឺជាសម្ពាធការទូតដ៏ធំមួយសម្រាប់ថៃ ដែលត្រូវតែបង្ហាញជំហររឹងមាំដើម្បីការពារសន្តិសុខជាតិ និងសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួន។
ដោយឡែកនៅតាមបន្ទាត់ព្រំដែនជាប់មីយ៉ាន់ម៉ា កងទ័ពភូមិន្ទថៃបានបង្កើនការយាមកាម និងត្រៀមលក្ខណៈការពារអាកាស ដើម្បីទប់ស្កាត់ការហោះចូលដោយអចេតនាណាមួយពីសំណាក់យន្តហោះចម្បាំងមីយ៉ាន់ម៉ា។ ស្ថានភាពបច្ចុប្បន្នត្រូវបានគេវាយតម្លៃថា ថៃកំពុងស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈដែលសង្រ្គាមស៊ីវិលនៅក្នុងប្រទេសមួយនេះ កំពុងជះឥទ្ធិពលអវិជ្ជមានកាន់តែខ្លាំងដល់សន្តិសុខក្នុងតំបន់។
យ៉ាងណាមិញ ករណីធ្លាក់គ្រាប់បែកកាលពីម្សិលមិញនេះ មិនត្រឹមតែជាបញ្ហាសន្តិសុខព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការសាកល្បងសមត្ថភាពដោះស្រាយវិបត្តិរបស់រដ្ឋាភិបាលថៃជាមួយភាគីមីយ៉ាន់ម៉ា ក្នុងស្ថានភាពដែលស្ថានប័នអន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះជម្លោះដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសមីយ៉ាន់ម៉ាដូចគ្នា៕

