ក្រោយអង្គុយលើកៅអីស៊ុប រដ្ឋាភិបាលថ្មីមីយ៉ាន់ម៉ា ក្រោមការដឹកនាំកាច់ចង្កូតដោយប្រធានាធិបតី មីន អ៊ុងឡាំង បានដាក់ចេញនូវវិធានការក្ដៅកម្ទេចចោលឱ្យអស់នូវរាល់ការប៉ុនប៉ងបង្កើតរដ្ឋផ្ដាច់ខ្លួន ។ យោងតាមសារព័ត៌មាន BBC Myanmar កងទ័ពអាកាសមីយ៉ាន់ម៉ាបានបើកការវាយប្រហារខ្លាំងទៅលើក្រុមបះបោរការ៉ែនដែលបានបង្កើតរដ្ឋផ្ដាច់ខ្លួន Kawthoolei នៅជាប់នឹងព្រំដែនប្រទេសថៃ។

យុទ្ធសាស្ត្រប្រើធម៌ក្ដៅពីរបបទីក្រុងណៃពិដោ ក្រោមការបញ្ជាដោយមេដឹកនាំយ៉ាន់ម៉ា ខាងលើបានបង្ហាញយ៉ាងច្បាស់ពីការព្យាយាមស្រោចស្រង់ទឹកដីដែលបានបាត់បង់ និងឆ្លើយតបទៅនឹងអ្វីដែលពួកគេយល់ថា ជាការលូកដៃចូលកកូរកកាយកិច្ចការផ្ទៃក្នុងពីសំណាក់បាតដៃទី ៣។

ជាមួយគ្នានេះ សារព័ត៌មាន BBC Myanmar បានចេញផ្សាយវិភាគយ៉ាងស៊ីជម្រៅឱ្យដឹងថា បន្ទាប់ពីការចាញ់ប្រៀបលើសមរភូមិជើងគោក និងការបាត់បង់មូលដ្ឋានយោធាជាបន្តបន្ទាប់ឱ្យទៅដៃកងទ័ពរំដោះជាតិការ៉ែន យោធាមីយ៉ាន់ម៉ាគ្មានជម្រើសអ្វីក្រៅពីការប្រើប្រាស់យន្តហោះចម្បាំង Yak-130 និង MiG-29 ដើម្បីវាយបកវិញនោះទេ។ ការទម្លាក់គ្រាប់បែកនៅក្បែរព្រំដែនថៃ ដើម្បីកម្ទេចរចនាសម្ព័ន្ធគាំទ្ររបស់ក្រុមបះបោរ គឺជាសារព្រមានត្រង់ ទៅដល់គ្រប់ភាគីពាក់ព័ន្ធថា យោធាមីយ៉ាន់ម៉ានឹងមិនរុញរាក្នុងការប្រើកម្លាំងបាយកម្រិតធ្ងន់បំផុតនោះឡើយ ទោះបីជាត្រូវប្រឈមនឹងការរិះគន់ពីអន្តរជាតិក៏ដោយ។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានកំពុងអនុវត្តវិធានការចាប់ច្របាច់ក និងបិទខ្ទប់ដង្ហើមសេដ្ឋកិច្ច យ៉ាងតឹងរ៉ឹងបំផុត ដើម្បីកាត់ផ្ដាច់សរសៃឈាមហិរញ្ញវត្ថុរបស់សហព័ន្ធ Kawthoolei បន្ទាប់ពីក្រុមនេះបានប្រកាសឯករាជ្យឯកតោភាគីនៅដើមខែមករា ។ តាមរយៈការព្យាយាមគ្រប់គ្រងផ្លូវហាយវ៉េលេខ ៨ និងច្រកពាណិជ្ជកម្មនានា យោធា​មីយ៉ាន់ម៉ា​ចង់ដាក់សម្ពាធឱ្យក្រុមបះបោរធ្លាក់ក្នុងវិបត្តិស្បៀងអាហារ និងថវិកា។

ការវាយប្រហារចំមន្ទីរពេទ្យ និងសហគមន៍ជនស៊ីវិល មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាការបំផ្លាញទំនុកចិត្ត និងការរស់រានមានជីវិតនៃរដ្ឋថ្មីមួយ ដែលក្រុមការ៉ែនព្យាយាមបង្កើតឡើង។ ចំណុចដ៏រសើបបំផុតមួយទៀតដែលរបបយោធាមីយ៉ាន់ម៉ាកំពុងសម្លឹងឃើញ គឺវត្តមានរបស់បាតដៃទី ៣ (ដែលត្រូវបានគេដឹងថាគ្មានអ្នកណាក្រៅពីប្រទេសថៃនោះឡើយ) ដែលជាអ្នកនៅពីក្រោយចាំបង្កាត់ភ្លើងសង្គ្រាមនេះឱ្យកាន់តែឆេះសន្ធោសន្ធៅនៅពីក្រោយឆាក។

តាមរយៈការផ្ដល់ជម្រកសុវត្ថិភាព ការគាំទ្រសម្ភារៈសឹកដោយប្រយោល និងការសម្របសម្រួលផ្នែកហិរញ្ញវត្ថុ ថៃត្រូវបានមើលឃើញថា កំពុងលួចគាំទ្រដល់ការបង្កើតរដ្ឋ Kawthoolei ដើម្បីធ្វើជារដ្ឋបណ្ដោះអាសន្នការពារផលប្រយោជន៍សន្តិសុខរបស់ខ្លួន។ ការទទួលស្គាល់ក្រុមបះបោរជារដ្ឋស្របច្បាប់ពីសំណាក់បាតដៃទី ៣ មួយនេះ គឺជាការដើរលើខ្សែបន្ទាត់ដ៏គ្រោះថ្នាក់បំផុត ដែលរុញច្រានឱ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កាន់តែឈានទៅរកភាពប្រេះឆាដែលពិបាកនឹងស្ដារឡើងវិញណាស់។

យោធាមីយ៉ាន់ម៉ានឹងមិនសុខចិត្តឡើយ បើទោះបីជាបច្ចុប្បន្នមូលដ្ឋានយោធាបានធ្លាក់ចុះខ្សោយកម្លាំង ដោយសារជាប់ដៃក្នុងសមរភូមិច្រើនក៏ដោយចុះ។ ការកាត់ផ្តាច់ផ្លូវដង្ហើមសេដ្ឋកិច្ចពីរ៉ង់ហ្គូន និងដាក់សម្ពាធការទូតឱ្យថៃបិទច្រកព្រំដែនបានបង្ហាញពី ការជៀសវាងរាល់ការចល័តទ័ពថ្មើរជើងធំៗ ព្រោះថាផ្លូវភាគច្រើនត្រូវបានគ្រប់គ្រងដោយកងទ័ពការ៉ែនដែលមានបទពិសោធន៍ខ្ពស់។ សង្គ្រាមនៅតំបន់ព្រំដែនមីយ៉ាន់ម៉ា-ថៃ នាពេលនេះ មិនមែនគ្រាន់តែជាជម្លោះផ្ទៃក្នុងធម្មតានោះទេ ប៉ុន្តែវាគឺជាសមរភូមិនៃការប្រកួតប្រជែងឥទ្ធិពល និងការរៀបចំសណ្ដាប់ធ្នាប់ភូមិសាស្ត្រនយោបាយថ្មីទាំងមូលរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាថ្មីផងដែរ៕

Share.