សង្គ្រាមរវាងអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានទាញឱ្យទីផ្សារផ្គត់ផ្គង់ថាមពលធ្លាក់ទៅក្នុងសភាពវឹងវរ រហូតបង្កឱ្យមានវិបត្តិនៃកង្វះខាតថាមពលប្រើប្រាស់ជុំវិញពិភពលោកយ៉ាងធ្ងន់ធ្ងរ។
ខណៈដែលទីផ្សារថាមពលសកលលោកកំពុងស្ថិតក្នុងសង្គ្រាមត្រជាក់ នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ជប៉ុន សាណាអេស តាកាអ៊ីឈី (Sanae Takaichi) មិនបាននៅស្ងៀមនោះឡើយ ដោយបាននិងកំពុងតែបង្កើនល្បឿនយ៉ាងខ្លាំងក្លាក្នុងការរុករកប្រភពថាមពលថ្មី ដោយប្រើវិធីការទូតថាមពល។ ទោះជាយ៉ាងណា យុទ្ធសាស្ត្រនេះហាក់កំពុងជួបឧបសគ្គធំ ព្រោះមហាយក្សចិនបានបោះបង្គោលនិងពង្រីកឥទ្ធិពលរបស់ខ្លួននៅតាមតំបន់យុទ្ធសាស្ត្រសំខាន់ៗមួយចំនួនយ៉ាងរឹងមាំរួចស្រេចទៅហើយ។

យ៉ាងណាមិញ រដ្ឋាភិបាលដឹកនាំដោយស្ត្រីកណ្ដាប់ដៃដែកខាងលើនៅតែបោះបង់ចោលការព្យាយាមនោះឡើយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេង និងហ្គាសពីតំបន់មជ្ឈិមបូព៌ារហូតដល់ ៩៤% ដែលត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ដ៏គ្រោះថ្នាក់នោះ ជប៉ុនបានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីមួយហៅថា POWERR Asia។ យុទ្ធសាស្ត្រនេះមានគោលបំណងចងសម្ព័ន្ធភាពជាមួយ ១៥ ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអូស្ត្រាលី ដើម្បីធានាសន្តិសុខថាមពល និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។
ជាក់ស្ដែងពេលថ្មីៗក្នុងខែមេសា ឆ្នាំ ២០២៦ នេះ ថ្នាក់ដឹកនាំកំពូលរបស់ជប៉ុនបានបែងចែកកម្លាំងគ្នា ដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រខាងលើ ដូចជា នាយករដ្ឋមន្ត្រី តាកាអុីឈី បានធ្វើដំណើរទៅកាន់អូស្ត្រាលី ដែលជាប្រភពផ្គត់ផ្គង់ LNG ដ៏ធំបំផុតរបស់ជប៉ុន និងជួបពិភាក្សាជាមួយស៊ុលតង់នៃប្រទេសអូម៉ង់ ដើម្បីស្វែងរកផ្លូវដឹកជញ្ជូនថាមពលដោយមិនឆ្លងកាត់ច្រកសមុទ្រ Hormuz។ បន្តមកទៀតរដ្ឋមន្ត្រីការបរទេស ម៉ូតេហ្គី បានបន្តបោះជំហានទៅកាន់ទ្វីបអាហ្វ្រិក ជាពិសេសប្រទេសអាងហ្គោឡា ដើម្បីស្វែងរកប្រភពប្រេងថ្មីៗ។ ចំណែកឯសហរដ្ឋអាមេរិក បានក្លាយជាជម្រើសលេខមួយរបស់ជប៉ុន ដោយការនាំចូលប្រេងពីអាមេរិកក្នុងខែឧសភាខាងមុខ ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៤ ដង បើធៀបនឹងឆ្នាំមុន។
ទោះបីជាជប៉ុនព្យាយាមរើបម្រះលែងពឹងផ្អែកលើប្រភពថាមពលមកពីមជ្ឈិមបូព៌ាយ៉ាងណាក៏ដោយ ក៏អ្នកវិភាគមើលឃើញថា ជប៉ុនហាក់ដើរក្រោយចិនមួយជំហានជានិច្ច។ នៅតំបន់អាស៊ីកណ្ដាល និងកូកាស៊ីស(Caucasus) ដែលជប៉ុនកំពុងសម្លឹងមើល ចិនបានគ្រប់គ្រងទីនោះតាមរយៈគម្រោងខ្សែក្រវាត់ និងផ្លូវរួចទៅហើយ។ ជាក់ស្ដែងក្នុងខែមីនាកន្លងទៅ លោក ស៊ី ជីនពីង បានពង្រឹងកិច្ចសហការជាមួយតួកម៉េនីស្ថាន ដែលជាប្រភពហ្គាសដ៏ធំទី ៤ របស់ចិន ដោយទុកឱ្យក្រុមហ៊ុនជប៉ុនដូចជា Inpex ស្ថិតក្នុងស្ថានភាពប្រកួតប្រជែងយ៉ាងលំបាក។
ដោយឡែក ការទូតថាមពលប្រញាប់ប្រញាល់របស់ជប៉ុននាពេលនេះ ត្រូវបានអ្នកវិភាគមើលឃើញថា គឺជាសញ្ញានៃការព្រួយបារម្ភចំពោះការច្របាច់កផ្នែកថាមពលពីសំណាក់មហាយក្សចិន។ ខណៈដែលចិនបានបោះបង្គោលយុទ្ធសាស្ត្រទុកមុនទាំងនៅអាស៊ីកណ្ដាល និងអាមេរិកឡាទីន ប៉ុន្តែជប៉ុនគ្មានជម្រើសអ្វីក្រៅពីការពង្រឹងសម្ព័ន្ធភាពជាមួយលោកខាងលិច និងការបង្កើនឥទ្ធិពលនៅអាហ្វ្រិកឡើយ។ សង្រ្គាមការទូតថាមពលលើកនេះ នឹងក្លាយជាសមរភូមិថ្មីមួយទៀតដែលបានកំណត់ថា តើជប៉ុនអាចរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួនបានកម្រិតណាក្នុងពិភពលោកនៅពេលដែលចិនកំពុងព្យាយាមក្ដោបក្ដាប់ធនធានធម្មជាតិស្ទើរតែទាំងស្រុង?

