ខនកេន៖ ពាក្យថា Only in Thailand ទំនងជាត្រូវណាស់សម្រាប់បរិបទនេះ ព្រោះព្រះសង្ឃថៃដែលជាបព្វជិតកាន់សីល បែរជាមានសកម្មភាពដូចគ្រហស្ថធម្មតា ដើរហើរលេងសប្បាយក្នុងកំឡុងពេលចូលឆ្នាំ ថែមទាំងចូលរួមលេងបាញ់ទឹក និងបាតម្សៅថ្ពាល់គេឯង ដោយមិនខ្វាយខ្វល់ថាខុសធម៌វិន័យអ្វីទាំងអស់។

វិស័យព្រះពុទ្ធសាសនាថៃ ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៥ រហូតដល់ដើមឆ្នាំ២០២៦ នេះ មានតែរឿងអាស្រូវ និងរងនូវមតិរិះគន់យ៉ាងចាស់ដៃពីសំណាក់សាធារណជន ដោយសារតែមានបែកធ្លាយរូបភាពមិនសមរម្យជាច្រើនសន្លឹក របស់ព្រះសង្ឃថៃដែលបានប្រព្រឹត្តិមិនគួរគប្បី។ ថ្មីៗនេះក្នុងអំឡុងពេលបុណ្យចូលឆ្នាំនៅក្នុងប្រទេសថៃ ព្រះសង្ឃចៅអធិការវត្ត និងភិក្ខុសាមណេរនៃវត្តមួយក្នុងខេត្តខនកេន មិនបានសម្ងំសូត្រធម៌តាំងសម្មាធិនោះឡើយ ប៉ុន្តែបានចេញមកលេងបាញ់ទឹក និងប៉ាតម្សៅអ្នកដំណើរតាមដងផ្លូវ ដូចគ្រហស្ថទៅវិញ។


សកម្មភាពសង្ឃមិនចំសង្ឃ គ្រហស្ថមិនចំគ្រហស្ថ កំពុងបង្កឱ្យមានផ្ទុះកំហឹងពីមហាជន ត្រូវបានអង្គភាពសារព័ត៌មានថៃ Thairath យកមកបង្ហោះចែកចាយបន្ត ដោយក្នុងរូបភាពបានបង្ហាញឱ្យឃើញព្រះសង្ឃក្នុងសភាពទទឹកជោគជាំ ដោយអង្គខ្លះកំពុងកាន់ធុងម្សៅ ហើយព្រះសង្ឃ ២អង្គទៀតកំពុងប៉ាតម្សៅលើមុខបុរសម្នាក់យ៉ាងសប្បាយរីករាយ។ សកម្មភាពនេះត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់ថាជាការ «បាត់បង់សីលធម៌ និងភាពថ្លៃថ្នូរ» របស់សង្ឃ ខណៈដែលអ្នកភូមិនៅក្នុងតំបន់នោះបានទម្លាយថា នេះមិនមែនជាលើកទីមួយទេដែលវត្តនេះមានរឿងអាស្រូវបែបនេះ។

បន្ទាប់ពីមានផ្ទុះរឿងនេះ នាយកការិយាល័យព្រះពុទ្ធសាសនាខេត្តខនកេន បានចុះស៊ើបអង្កេត និងទទួលបានការបកស្រាយពីសំណាក់ព្រះចៅអធិការថា ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃចុងក្រោយនៃសង្ក្រាន្តនៅប្រទេសថៃ។ ភាគីខាងវត្តបានអះអាងថា ដំបូងឡើយភ្ញៀវមកស្រង់ព្រះតាមប្រពៃណី ប៉ុន្តែដោយសារ «ការធ្វេសប្រហែសក្នុងពេលអាកាសធាតុក្តៅ» ទើបព្រះសង្ឃឈានដល់ការជះទឹក និងប៉ាតម្សៅដាក់អ្នកដំណើរតែម្តងទៅ។ ទោះបីជាមានការអះអាងថា ព្រះសង្ឃលេងប៉ាតម្សៅតែជាមួយ «មនុស្សប្រុស» និងមិនបានប៉ះពាល់ខុសវិន័យជាមួយស្រ្តីក៏ដោយ ក៏មហាជននៅតែយល់ថា វាជាទង្វើ «ឆ្គាំឆ្គង» និងមិនគួរកើតមាននៅក្នុងជួរអ្នកសាងផ្នួសឡើយ។

ជាលទ្ធផល ព្រះសង្ឃដែលពាក់ព័ន្ធទាំងអស់ រួមទាំងព្រះចៅអធិការរងដែលជាអ្នកប៉ាតម្សៅគេនោះ ត្រូវបានទទួលរងវិន័យស្រាល ដោយគ្រាន់តែដាក់ឱ្យស្ថិតក្រោមការតាមដានមារយាទ រយៈពេល ១ឆ្នាំ។ ប្រសិនបើមានកំហុសដដែលៗទៀត ទើបត្រូវបង្ខំឱ្យសឹកចាកសិក្ខាបទ។ យ៉ាងណាម៉ិញ ករណីនេះមិនមែនជាករណីតែមួយឡើយ បើទោះជាកន្លងមកមានវីដេអូបង្ហាញពីព្រះសង្ឃនៅទីក្រុងបាងកក យកទុយោបាញ់ទឹកដាក់អ្នកលេងសង្ក្រាន្ត ដែលអ្នកខ្លះមើលក្នុងន័យកំប្លែង ប៉ុន្តែវាកំពុងឆ្លុះបញ្ចាំងពីភាពធូររលុងនៃវិន័យសង្ឃនៅក្នុងប្រទេសថៃ។ ការដែលព្រះសង្ឃចេញមកលាយឡំលេងសើចជាមួយគ្រហស្ថក្នុងពិធីសប្បាយបែបនេះ គឺជាសញ្ញាព្រមានអំពីការធ្លាក់ចុះនៃតម្លៃសីលធម៌ និងការគោរពប្រតិបត្តិក្នុងស្ថាប័នសាសនា ដែលទាមទារឱ្យមានការរឹតបន្តឹងខ្លាំងជាងនេះ មិនមែនត្រឹមតែការដាក់កំហិតធម្មតាៗនោះទេ៕

