រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តយុទ្ធនាការការទូតយ៉ាងសកម្ម ដោយការចេញលិខិតតវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពរំលោភបំពានរបស់កងកម្លាំងថៃនៅតាមបណ្តោយព្រំដែន។ ការចេញលិខិតតវ៉ានេះ មិនមែនគ្រាន់តែជានីតិវិធីរដ្ឋបាលធម្មតានោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រការពារជាតិដ៏មានសារសំខាន់ និងជាកាតព្វកិច្ចដាច់ខាត ដើម្បីធានាថាអធិបតេយ្យភាពកម្ពុជាតាមផ្លូវច្បាប់អន្តរជាតិ។


យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពជា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានផ្ញើលិខិតតវ៉ាជាថ្មីទៀតប្រឆាំងនឹងសកម្មភាពឯកតោភាគីរបស់ថៃ កាលពីថ្ងៃទី១៨ ខែមេសា នៅតាមទីតាំងដែលថៃបានកាន់កាប់ខុសច្បាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់។ សកម្មភាពទាំងនោះរួមមាន ការសាងសង់ប៉ុស្តិ៍យាម ផ្លូវ និងលេណដ្ឋាន ដែលជាការរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
ហេតុអ្វីបានជាការតវ៉ាជាផ្លូវការនេះមានតម្លៃស្មើនឹង «ជីវិត» នៃបូរណភាពទឹកដី?
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់យ៉ាងច្បាស់ថា លិខិតតវ៉ាដែលកម្ពុជាបញ្ជូនទៅកាន់ភាគីថៃ និងអង្គការអន្តរជាតិនាពេលនេះ មានតម្លៃយុទ្ធសាស្ត្រលើចំណុចគន្លឹះចំនួន ៤៖
១. សារព្រមានទៅកាន់អ្នកឈ្លានពាន៖ លិខិតតវ៉ានេះគឺជាការបញ្ជាក់ជាផ្លូវការថា កម្ពុជាគឺជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើទឹកដីទាំងនោះ។ វាមិនអនុញ្ញាតឱ្យភាគីថៃអាចប្រើប្រាស់សកម្មភាពសាងសង់ ឬការឈរជើងយោធា ដើម្បីធ្វើជាសំអាងថា កម្ពុជាបានលះបង់សិទ្ធិ ឬសុខចិត្តឱ្យគេកាន់កាប់ទីតាំងនោះឡើយ។
២. ភស្តុតាងគតិយុត្តិសម្រាប់ដោះស្រាយតាមផ្លូវច្បាប់៖ ក្នុងវិវាទអន្តរជាតិ ការតវ៉ាដោយសរសេរជាលាយលក្ខណ៍អក្សរ គឺជាភស្តុតាងដែលមិនអាចប្រកែកបាន។ ឯកសារទាំងនេះនឹងក្លាយជាអាវុធដ៏មានអំណាចបំផុតនៅចំពោះមុខតុលាការអន្តរជាតិ ដើម្បីបង្ហាញថា កម្ពុជាមិនដែលទទួលស្គាល់ការរំលោភបំពានរបស់ថៃនោះទេ។
៣. សាក្សីនៃសហគមន៍អន្តរជាតិ៖ តាមរយៈការតវ៉ានេះ កម្ពុជាបានប្រកាសប្រាប់ពិភពលោកឱ្យដឹងឮថា ប្រទេសថៃកំពុងរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព (TAC)។ វាគឺជាការទប់ស្កាត់មិនឱ្យថៃអាចប្រើប្រាស់ «លេស» ផ្សេងៗមកបំភាន់សហគមន៍អន្តរជាតិបាន។
៤. ការរក្សាអាជ្ញាយុកាលនៃវិវាទ (Preservation of Rights)៖ ចំណុចនេះមានសារសំខាន់បំផុត។ ប្រសិនបើកម្ពុជាមិនតវ៉ា វិវាទអាចនឹងត្រូវរលាយបាត់តាមរយៈការ «យល់ព្រមដោយស្ងៀមស្ងាត់»។ លិខិតតវ៉ាទាំងនេះ ជួយរក្សាឱ្យវិវាទនេះនៅជាធរមានជានិច្ច ដើម្បីរង់ចាំដំណោះស្រាយពិតប្រាកដ និងយុត្តិធម៌នាពេលខាងមុខ ដោយមិនឱ្យបាត់បង់សិទ្ធិទាមទារឡើយ។
ពាក់ព័ន្ធនឹងការចូលកាន់កាប់ដោយខុសច្បាប់លើដែនអធិបតេយ្យរបស់កម្ពុជា ពីសំណាក់កងទ័ពថៃ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់បន្ថែមថា សកម្មភាពថ្មីៗរបស់កងកម្លាំងថៃ ដែលកម្ពុជាតវ៉ា គឺស្ថិតនៅលើទីតាំងដែលពួកគេចូលមកឈរជើងនៅក្រោយបទឈប់បាញ់ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺមិនមែនជាការរុលចូលកាន់កាប់ទឹកដីកម្ពុជាលើទីតាំងថ្មីទៀតនោះឡើយ៕

