ថ្ងៃទី ១៤ ខែមេសា ជាពេលវេលា ដែលប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស អបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបានប្រព្រឹទ្ធទៅរហូតដល់ថ្ងៃទី ១៦ ខែមេសា។

នៅឯជំរំសុវត្ថិភាពមួយកន្លែងចម្ងាយប្រហែល ៧០គ.ម. ពីព្រំដែនកម្ពុជា-ថៃ ដែលមានប្រជាពលរដ្ឋ ប្រមាណជាង ២០០ គ្រួសារទៀតនៅជាប់គាំងមិនទាន់អាចត្រឡប់ទៅផ្ទះបាន ពួកគេបានអបអរឆ្នាំថ្មី ដោយស្ងៀមស្ងាត់ និងក្ដីនឹករឭកដល់ភូមិឋានជាពន់ពេក។

«សូមទេវតាឆ្នាំថ្មីប្រសិទ្ធពរជ័យឱ្យស្រុកទេសសុខសាន្ត កុំឱ្យមានចម្បាំង ឱ្យប្រជាជនបានត្រឡប់ទៅ ផ្ទះសម្បែងវិញមូលកូនមូលចៅ»។

នេះគឺជាពាក្យបន់ស្រន់របស់អ្នកស្រី ហែម កី ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងជំរំសុវត្ថិភាព ស្រីស្នំ។ ក្នុងកែវភ្នែកដែលពោរពេញដោយក្ដីនឹករលឹក គាត់បានសម្លឹងទៅទិសដៅនៃភូមិឋានចាស់ ដែលបច្ចុប្បន្ននៅសេសសល់ត្រឹមផ្សែងជម្លោះ និងភាពមិនច្បាស់លាស់នៃការវិលត្រឡប់។

« ឆ្នាំទៅៗ នៅផ្ទះឯភូមិ សម្បូរសប្បាយណាស់ រណ្ដាប់ទទួលទេវតាឆ្នាំថ្មី មានបាយសី ផ្កាភ្ញី ផ្លែឈើ នំនែក សណ្ដែកដូង តាមតែប្រពៃណីដូនតាខ្មែរយើង ប៉ុន្តែឆ្នាំនេះ ផ្ទះមិនបានទៅ នៅជាប់គាំងក្នុងជំរំ ខ្វះមុខខ្វះក្រោយ នឹកទៅគួរឱ្យសង្វេគណាស់។ ប៉ុន្តែប្រពៃណីចោលមិនបាន ហោចណាស់ក៏បាន ចេកមួយស្និត ទឹកមួយផ្ដិល ស្ករពីរបីគ្រាប់ដែរ កុំឱ្យអត់ »។

ទោះបីពេលនេះ ស្ថានភាពមិនច្បាស់លាស់ពិតប្រាកដយ៉ាងណា ប៉ុន្តែអ្នកស្រី ហែម កី នៅតែសង្ឃឹមថា ឆ្នាំក្រោយនឹងបានទៅចូលឆ្នាំថ្មីមូលកូនមូលចៅនៅផ្ទះឯស្រុកភូមិវិញ។

ការវាយប្រហារឈ្លានពានយ៉ាងកម្រោលរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ បានបង្ខំឱ្យប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៦៤ម៉ឺននាក់ ភៀសខ្លួនចេញពី លំនៅឋាន។ យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅមានប្រជាពលរដ្ឋភៀសខ្លួនជាង ៣៤,៤០០នាក់ មិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាន នៅឡើយ៕

Share.