តបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ការបង្កើតកិច្ចសន្ទនានេះ គឺជាលទ្ធផលនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងចិន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន នៅកម្ពុជាកាលពីខែមេសា ឆ្នាំមុន ដោយមានគោលបំណងចម្បងក្នុងការជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ព្រមទាំងពង្រឹងទំនុកចិត្តផ្នែកនយោបាយ សន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅ។ យន្តការថ្មីនេះ ក៏នឹងបម្រើជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរផងដែរ។

ក្នុងឱកាសនៃដំណើរបំពេញបេសកកម្មនៅរាជធានីភ្នំពេញនេះ ឥស្សរជនជាន់ខ្ពស់ចិនទាំងពីររូប ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបញ្ចប់កិច្ចសន្ទនា «២+២» លោក វ៉ាង យី នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក្សាស៊ីជម្រៅជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើការជំរុញអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ព្រមទាំងការអភិវឌ្ឍទាំងក្នុង និងក្រៅតំបន់៕

Share.