ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានឃាត់ខ្លួនជនបរទេសចំនួន ៥៥នាក់ មាន ៧សញ្ជាតិ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងឆបោកតាមប្រព័ន្ធអនឡាញ នៅខុនដូរ ZHUOYUFENG ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ។ ក្នុងចំណោមជនដែលត្រូវបានឃាត់ខ្លួន មាន ៤៤នាក់គ្មានលិខិតឆ្លងដែន និងលើសទិដ្ឋាការ ខណៈជនជាតិវៀតណាម ១១នាក់ (ស្រី ៣នាក់) ត្រូវបានសង្ស័យពាក់ព័ន្ធសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន កុំព្យូទ័រយួរដៃ ១៤គ្រឿង ទូរសព្ទដៃ ៦គ្រឿង និងគ្រឿងញៀនចម្រុះប្រមាណ ១០គីឡូក្រាម។ តាមការស្រាវជ្រាវ ក្រុមនេះបានធ្វើសកម្មភាពឆបោក ដោយអូសទាញជនរងគ្រោះឱ្យវិនិយោគលើគេហទំព័រទិញទំនិញ ដើម្បីក្លាយជាសមាជិក VIP ហើយសន្យាថានឹងទទួលបានប្រាក់ចំណេញខ្ពស់។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលទើបចូលជាធរមាន កំណត់ទោសយ៉ាងតឹងរឹង ដោយអាចដល់ជាប់ពន្ធនាគាររហូតដល់មួយជីវិត និងពិន័យប្រាក់ខ្ពស់។

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.