តាកែវ៖ ជនសង្ស័យចំនួន៣នាក់ សុទ្ធតែជាមុខសញ្ញាលួចធ្លាប់ជាប់ពន្ធនាគារ មិនរាងចាល ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកគិរីវង់ស្រាវជ្រាវចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពគាស់ដំបូលតូបក្នុងផ្សារលួចខោអាវ។
ការឃាត់ខ្លួនប្រព្រឹត្តទៅកាលពីវេលាម៉ោង៤ៈ៣០នាទីរសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។



តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់៖
ទី១ ឈ្មោះ សៀង សុខហឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាមុខសញ្ញាលួចសកម្ម, ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារចំនួន១លើក ពាក់ព័ន្ធក្នុងករណីបទអំពើលួច កាត់ខ្សែភ្លើង កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ជាប់រយ:ពេល៩ខែ។
ទី២ ឈ្មោះ សើ គឹមហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាមុខសញ្ញាលួចសកម្ម, ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារចំនួន២លើក លើកទី១ ពាក់ព័ន្ធក្នុងករណីបទប្រើប្រាស់គ្រឿងញៀន ជាប់រយៈពេល២ឆ្នាំ នៅឯខេត្តព្រះសីហនុ និងលើកទី២ ពាក់ព័ន្ធក្នុងករណីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាប់រយៈពេល២ឆ្នាំ៦ខែ នៅឯខេត្តព្រះសីហនុ។
ទី៣ ឈ្មោះ រ័ត្ន អូរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាមុខសញ្ញាលួចសកម្ម, ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារចំនួន១លើក ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ជាប់រយៈពេល៧ខែ។
សមត្ថកិច្ចបន្តទៀតថា ករណីលើកនេះ បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ សុទ្ធ ឆលីហ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ លក់ខោអាវ នៅផ្សារទម្លាប់ រស់នៅភូមិកំពង់ថ្មី ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានប្តឹង ថាមានជនសង្ស័យធ្វើសកម្មភាពគាស់ដំបូលតូបក្នុងផ្សារ លួចខោអាវបាត់អស់មួយចំនួនធំ ធ្វើឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនជនសង្ស័យបានទាំង៣នាក់។
ជនសង្ស័យទាំង៣នាក់រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

