ព្រះសីហនុ៖ ក្មេងចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ចុះលេងទឹកសមុទ្រ ជាអកុសលលង់ស្លាប់ក្មេងប្រុសម្នាក់ សង្គ្រោះបាន៣នាក់ កាលពីវេលាម៉ោង១២ៈ១៥នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅឆ្នេរសមុទ្រកោះពស់ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមនគរបាលបានឱ្យដឹងថា ក្មេងរងគ្រោះទាំង៤នាក់៖

ទី១ ឈ្មោះ ផល សីហា ភេទប្រុស អាយុ ៧ឆ្នាំ រស់នៅភូមិកូនរមាស ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ (ស្លាប់)។

ទី២ ឈ្មោះ ជួន សុវណ្ណមករា ភេទប្រុស អាយុ ៥ឆ្នាំ រស់នៅ ភូមិពោធិ៍ធំ ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (រស់)។

ទី៣ ឈ្មោះ ជួន សុវណ្ណបញ្ញា ភេទស្រី អាយុ ៧ឆ្នាំ រស់នៅ ភូមិពោធិ៍ធំ ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (រស់)។

ទី៤ ឈ្មោះ ជួន សុវណ្ណនីតា ភេទស្រី អាយុ ១០ឆ្នាំ រស់នៅ ភូមិពោធិ៍ធំ ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (រស់)។

ប្រភពបន្តទៀតថា ក្មេងរងគ្រោះ ទៅលេងសមុទ្រជាមួយក្រុមគ្រួសារ ហើយមុនកើតហេតុ ក្មេងរងគ្រោះទាំង ៤នាក់ចុះលេងទឹកសមុទ្របានមួយសន្ទុះ ស្រាប់តែលង់លិចបាត់ក្មេងឈ្មោះប្រុសឈ្មោះ ផល សីហា ផ្អើលឆោឡោ នគរបាលទេសចរណ៍ និងនគរបាលចរាចរណ៍ផ្លូវទឹកចុះជួយស្រង់បាន៣នាក់ និងរាវរកក្មេងម្នាក់ទៀត រយៈពេល២០នាទីក្រោយ ទើបរកឃើញ តែជាអកុសលបានស្លាប់បាត់ទៅហើយ។

ក្មេងរងគ្រោះ៣នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសពក្មេងប្រុសម្នាក់ សមត្ថកិច្ចពិនិត្យ ធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.