តាមរយៈសារព័ត៌មាន CNA នាពេលថ្មីៗនេះឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី ២២ មេសា ឆ្នាំ ២០២៦ នេះ បានប្រកាសពន្យារពេលបទឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់ដោយគ្មានកាលកំណត់ ដើម្បីឆ្លើយតបតាមការស្នើសុំពីថ្នាក់ដឹកនាំប្រទេសប៉ាគីស្ថាន និងដើម្បីទុកពេលឱ្យមានការចរចាបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ច្បាស់ថា កងទ័ពជើងទឹកអាមេរិកនឹងនៅតែបន្តយុទ្ធនាការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ដដែល។

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម លោក ត្រាំ បានលើកឡើងថា ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការស្នើសុំដោយផ្ទាល់ពីសំណាក់សេនាប្រមុខ Asim Munir (អាស៊ីម មុនី) និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif (សេហ៍បាស សារីហ្វ) ដែលជាអ្នកសម្របសម្រួលកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្លាម៉ាបាដ។ លោក ត្រាំ បានសរសេរថា៖ «យើងត្រូវបានស្នើសុំឱ្យផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ រហូតដល់ថ្នាក់ដឹកនាំ និងតំណាងរបស់ពួកគេអាចដាក់ចេញនូវសំណើរួមមួយ»*។

សម្រាប់ការផ្លាស់ប្តូរជំហររបស់លោក ត្រាំ នៅពេលនេះត្រូវបានគេមើលឃើញថា ជាការបន្ធូរបន្ថយភាពតានតឹងមួយកម្រិត បន្ទាប់ពីលោកបានគំរាមកាលពីប៉ុន្មានម៉ោងមុនថា នឹងចាប់ផ្តើមការទម្លាក់គ្រាប់បែកឡើងវិញ ប្រសិនបើគ្មានដំណោះស្រាយមុនពេលកំណត់នៃបទឈប់បាញ់ចាស់។

គួរបញ្ជាក់ផងដែរថា ការចរចាជុំទីពីរនៅទីក្រុងអ៊ីស្លាម៉ាបាដ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក JD Vance បានសម្រេចចិត្តផ្អាកដំណើរទស្សនកិច្ចរបស់លោក ដោយសាររង់ចាំការឆ្លើយតបជាផ្លូវការពីភាគីទីក្រុងតេអេរ៉ង់៕

Share.