រដ្ឋាភិបាលទីក្រុងប៉េកាំងបានចេញមុខបដិសេធ និងជំទាស់យ៉ាងដាច់អហង្ការ ចំពោះការភ្ជាប់ទំនាក់ទំនងដោយចេតនាអាក្រក់ណាមួយមកលើប្រទេសចិន ពាក់ព័ន្ធនឹងករណីដែលសហរដ្ឋអាមេរិកបានរឹបអូសនាវាដឹកជញ្ជូនមួយគ្រឿង នៅតំបន់ច្រកសមុទ្រ Hormuz។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់កាលពីថ្ងៃអង្គារ ទី២១ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានបញ្ជាក់ច្បាស់ៗជុំវិញបញ្ហានេះថា នាវាដែលត្រូវបានសហរដ្ឋអាមេរិកស្ទាក់ចាប់ និង​រឹបអូស​នោះ គឺជាប្រភេទនាវាដឹកកុងតឺន័រដែលដោតទង់ជាតិបរទេស (មិនមែនទង់ជាតិចិនឡើយ)។ ប្រទេសចិនប្រឆាំងដាច់ខាតចំពោះរាល់ការប៉ុនប៉ងផ្សារភ្ជាប់ករណីនេះមកលើខ្លួនក្នុងន័យបង្ខូចឈ្មោះ ឬការធ្វើការអត្ថាធិប្បាយ​លើស​ពីការពិតដើម្បីបង្កឱ្យមានភាពចលាចល។

សូមជម្រាបថា ប្រតិកម្មរបស់ក្រសួងការបរទេសចិននាពេលនេះ ធ្វើឡើងបន្ទាប់ពីលោកស្រី Nikki Haley អតីតតំណាងអចិន្ត្រៃយ៍សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានបង្ហោះសារលើបណ្តាញសង្គមដោយចោទប្រកាន់ថា នាវាដែលត្រូវបានស្ទាក់ចាប់កាលពីចុងសប្តាហ៍កន្លងទៅនោះ បានធ្វើដំណើរបោះពួយចេញពីប្រទេសចិនឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយមានដឹកតាមនូវសារធាតុគីមីសម្រាប់ផលិតគ្រាប់មីស៊ីល៕

Share.