ចំហាយរងើកភ្លើងសង្គ្រាមកំពុងចោលក្លិនភាយៗជាថ្មី ក្រោយការចរចារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់មិនបានសម្រេចតាមការរំពឹងទុក ដោយក្រោយមកថ្នាក់ដឹកនាំ និងបុគ្គលមានអំណាចនយោបាយនៃប្រទេសរៀងៗខ្លួនបានចេញមកបោះសម្ដីឌឺដងផ្លែផ្កាឱ្យគ្នាមិនលស់ពេល។

ទោះជាមានការបោះសម្ដីព្រមានពីមេដឹកនាំទីក្រុងវ៉ាស៊ីនតោន ពីការអាចទៅរួចនៃការវាយប្រហារលើកទីពីរទៅលើទីក្រុងតេអេរ៉ង់ ប៉ុន្តែថ្នាក់ដឹកនាំប្រទេសសំបុកប្រេងអេរ៉ង់ មិនត្រឹមតែមិនខ្លាចញញើតនោះទេ ថែមទាំងហ៊ានចេញមកព្រមានសហរដ្ឋអាម៉េរិកថែមទៀត។ ថ្មីៗនេះប្រធានសភាអ៊ីរ៉ង់បានចេញមុខព្រមានថា ទីក្រុងតេអេរ៉ង់នឹងបង្ហាញនូវ «សន្លឹកបៀថ្មីៗ» ប្រសិនបើការប្រយុទ្ធគ្នាជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលផ្ទុះឡើងវិញ ខណៈដែលឱសានវាទនៃបទឈប់បាញ់ នឹងត្រូវផុតកំណត់នៅថ្ងៃពុធ ទី២២ ខែមេសា នេះ។
លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ បានបង្ហោះនៅលើបណ្តាញសង្គម X ថា៖ «យើងមិនទទួលយកការចរចាក្រោមការគំរាមកំហែងឡើយ។ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចេញសន្លឹកបៀថ្មីៗនៅលើសមរភូមិ»។ លោក Ghalibaf ដែលដើរតួជាប្រធានអ្នកចរចារបស់អ៊ីរ៉ង់ផងនោះ បានបន្ថែមថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ «កំពុងព្យាយាមប្រែក្លាយតុចរចា ឱ្យទៅជាតុនៃការចុះចាញ់»។
ដោយឡែក មន្ត្រីអ៊ីរ៉ង់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់កាសែត The Washington Post ថា វោហារសាស្ត្រជាសាធារណៈរបស់លោក ត្រាំ និងការបន្តបិទខ្ទប់ផ្លូវទឹកពីសំណាក់សហរដ្ឋអាមេរិក គឺជាកត្តាគ្រោះថ្នាក់បំផុតដែលកំពុងគំរាមកំហែងដល់កិច្ចចរចា។ មន្ត្រីរូបនេះបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ បានព្រមព្រៀងគ្នាលើគ្រោងការណ៍ធំៗនៃកិច្ចព្រមព្រៀងរួចរាល់ហើយ ប៉ុន្តែជំហររឹងត្អឹងជាសាធារណៈរបស់លោក ត្រាំ កំពុងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពការទូត។
កាលពីព្រឹកថ្ងៃច័ន្ទ លោក ត្រាំ បានបង្ហោះលើបណ្តាញសង្គម Truth Social ថា សហរដ្ឋអាមេរិកនឹងមិនដកការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ឡើយ លុះត្រាតែមានកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច។ លោកបានសរសេរថា៖ «ការបិទខ្ទប់ ដែលយើងនឹងមិនដកចេញរហូតទាល់តែមាន “កិច្ចព្រមព្រៀង” គឺកំពុងបំផ្លាញអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ។ ពួកគេកំពុងខាតបង់ថវិកា ៥០០ លានដុល្លារក្នុងមួយថ្ងៃ ដែលជាចំនួនមួយមិនអាចទ្រាំទ្របានឡើយ សូម្បីតែក្នុងរយៈពេលខ្លីក៏ដោយ»៕

