
កំពុងតែផ្ទុះល្បីក្លាយជា Talk of Town នៅក្នុងប្រទេសចិនករណីមានស្ត្រីដើរលេងបាញ់ទឹកនៅក្នុងប្រទេសថៃសុខៗ ស្រាប់តែវិលមុខសន្លប់ឈឹងត្រូវនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ដល់តែចេញលទ្ធផល ដឹងការពិត គឺហួសពីការរំពឹងទុក ដោយសារអាការៈរបស់ស្ត្រីរូបនោះ ត្រូវបានគ្រូពេទ្យចេញវេជ្ជបញ្ជាឱ្យដឹងថានៅក្នុងខ្លួននាងមានលាយឡំដោយសារជាតិថ្នាំសម្រើប។
សារព័ត៌មានចិនបានព្រមានចំពោះប្រជាជនខ្លួនជាពិសេសស្ត្រីៗ ដោយបានបន្តឱ្យដឹងពីសាច់រឿងលម្អិតនៃរឿងអាស្រូវខាងលើជាបន្តទៀតថា៖ «ស្ត្រីរងគ្រោះរូបនោះបានអះអាងថាខ្លួនមិនបានទទួលទានទឹក ឬចំណីអាហារអ្វីពីជនប្លែកមុខនោះឡើយ ប៉ុន្តែនាង ចាំបានថាពេលទៅដើរលេងបាញ់ទឹក គឺនាងត្រូវបានអ្នកលេងទឹក ព្យាយាមបាញ់ទឹកសំដៅមកមុខនាងជាច្រើនលើកច្រើនសារ ហើយក្រោយមកទៀត ស្រាប់តែនាងផ្ដើមមានអាការៈវិលមុខ ងងឹតមុខ និងចុងក្រោយគឺដួលសន្លប់ឈឹងតែម្ដង។»
ករណីស្ត្រីរងគ្រោះនេះ គឺជាករណីមួយក្នុងចំណោមករណីដែលបានកើតឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ព្រោះបើតាមការស្ទង់មតិ និងទិន្នន័យបឋមពីមូលនិធិស្ត្រី និងបុរស (WMAF) របស់ថៃ បានបង្ហាញថា ក្នុងចំណោមស្ត្រីដែលបានចូលលេងទឹក ប៉ាតម្សៅ ក្នុងអំឡុងពេលចូលឆ្នាំនៅប្រទេសថៃ មានស្ត្រីប្រមាណ ៣០% ទៅ ៤០% ហើយបានបញ្ជាក់ថាពួកគេធ្លាប់ជួបប្រទះការបៀតបៀនក្នុងរូបភាពណាមួយ (ដូចជាការប៉ះពាល់រាងកាយ ការលាបម្សៅដោយគ្មានការអនុញ្ញាត ឬការប្រើសម្តីមិនសមរម្យ)។
ទីតាំងត្រូវប្រយ័ត្នបំផុតនោះ គឺតំបន់ទេសចរណ៍ដ៏ពេញនិយម និងមានប្រជាប្រិយបំផុតរបស់ថៃដូចជា ផ្លូវ Khao San (បាងកក), ផ្លូវ Silom និងតាមបណ្តាខេត្តធំៗដូចជា ឈៀងម៉ៃ និងភូកេត ព្រោះធ្លាប់ត្រូវបានរាយការណ៍ឱ្យដឹងដែរថាធ្លាប់កើតមានករណីបៀតបៀនផ្លូវភេទកម្រិតធ្ងន់ធ្ងររាប់រយករណី រហូតត្រូវរាយការណ៍ទៅកាន់មជ្ឈមណ្ឌលសង្គ្រោះថែមទៀតផង។
ក្រៅពីករណីដ៏ខ្មៅកខ្វក់នៃការបៀតបៀនលើស្ត្រីភេទតាមគ្រប់រូបភាពហើយនោះ ប្រទេសថៃចាប់តាំងពីដើមឆ្នាំ២០២៥ ដល់ដើមឆ្នាំ២០២៦ នេះ ក៏មានបែកធ្លាយករណីឆបោកទាំងផ្ទាល់និងអនឡាញ បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា អ៊ិនធឺណិត ក្នុងនោះមានការបើកគេហទំព័រភ្នាល់ល្បែងស៊ីសង និង ស្កេមគ្រប់ទម្រង់រហូត ៨០ម៉ឺនករណីឯណោះ៕

